ប្រទេសអេស្ប៉ាញ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងប្រើប្រាស់បណ្តាញអង្គការសហប្រជាជាតិ ដើម្បីបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសគុយបា ដែលកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលកាន់តែធ្ងន់ធ្ងរឡើង ដោយការបិទផ្លូវប្រេងឥន្ធនៈដោយសហរដ្ឋអាមេរិក។

ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនៅទីក្រុងម៉ាឌ្រីដថា៖«អេស្ប៉ាញនឹងផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសគុយបា តាមរយៈប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងទម្រង់ជាអាហារ និងផលិតផលសុខភាពសំខាន់ៗ»។

ការប្រកាសនេះ ធ្វើឡើង បន្ទាប់ពីការបញ្ជូនជំនួយមនុស្សធម៌ចំនួន ៨០០ តោនរបស់ម៉ិកស៊ិក ទៅកាន់ប្រទេសគុយបា ដែលបានមកដល់នៅលើនាវាកងទ័ពជើងទឹកម៉ិកស៊ិកពីរគ្រឿង កាលពីចុងសប្តាហ៍មុន។
វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសគុយបាកាន់តែអាក្រក់ទៅៗ ជាមួយនឹងចំណាត់ការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីធ្វើឲ្យប្រទេសការ៉ាអ៊ីបមួយនេះដួលរលំ។
លោក ត្រាំ បានបេ្តជ្ញាថា នឹងកាត់ផ្តាច់ការដឹកជញ្ជូនប្រេង និងប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបា បន្ទាប់ពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកកាលពីខែមុន ដើម្បីវាយប្រហាររដ្ឋធានីការ៉ាកាសរបស់ប្រទេសវ៉េណេស៊ុយអេឡា និងចាប់ខ្លួនមេដឹកនាំលោក នីកូឡាស ម៉ាឌូរ៉ូ។ ប្រទេសវ៉េណេស៊ុយអេឡា ធ្លាប់ជាអ្នកផ្គត់ផ្គង់ប្រេងសំខាន់របស់ប្រទេសគុយបា។
អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិដែលកំពុងកើតឡើង នៅក្នុងប្រទេសគុយបា៕