នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ក្នុងឆ្នាំនេះ តម្រូវការផ្គត់ផ្គង់ជ្រូករស់លើទីផ្សារ នឹងហក់ឡើងពីប្រមាណ ១ម៉ឺនដល់ ១,២ពាន់ក្បាលក្នុងមួយថ្ងៃ កើនឡើងប្រមាណ ២០ភាគរយ ខណៈដែលតម្លៃសាច់ជ្រូកនៅលើទីផ្សារ នឹងអាចហក់ឡើងបន្តិចបន្ទូច បើធៀបទៅនិងថ្ងៃធម្មតា។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការចិញ្ចឹម និងការផ្គត់ផ្គង់ជ្រូករស់ មាន់ និងការផ្គត់ផ្គង់សាច់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពីណៃចិន-វៀតណាម នេះថា ជុំវិញមុខរបរចិញ្ចឹមសត្វឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការចិញ្ចឹមជ្រូកមានការវិវត្តន៍រីកចម្រើនយ៉ាងខ្លាំង ក្នុងនោះក្រៅពីការចិញ្ចឹមជាលក្ខណៈគ្រួសារ កម្ពុជាក៏មានកសិដ្ឋានចិញ្ចឹមបែបឧស្សាហកម្មជាច្រើនកន្លែង ប្រកបដោយស្តង់ដារ ឆ្លើយតបដល់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។
លោកបន្តថា ចំពោះការផ្គត់ជ្រូករស់ និងសាច់ជ្រូកលើទីផ្សារវិញឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានផ្គត់ផ្គង់តម្រូវ សាច់លើទីផ្សារ ជាពិសេសសាច់ជ្រូក និងមាន់ជាដើម បានឆ្លើយតបគ្រប់គ្រាន់ទៅនិងតម្រូវការទីផ្សារ គឺបានជំនួសការនាំចូលទាំងស្រុង ជាក់ស្តែងការផ្គត់ផ្គង់ជ្រូករស់ថ្ងៃធម្មតា មានតម្រូវការក្នុងរង្វង់ ៩ពាន់ទៅ ១ម៉ឺនក្បាល ដោយឡែកនៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន និងវៀតណាម នៅក្នុងឆ្នាំ២០២៦ តម្រូវការជ្រូករស់អាចហក់ឡើងពី ១ ម៉ឺន ដល់ ១,២ ម៉ឺនក្បាល ចំណែកតម្លៃសាច់នៅលើទីផ្សារ អាចប្រែប្រួលបន្តិចបន្ទួច ស្របពេលតម្លៃមាន់កសិកម្ម លក់ទៅឱ្យឈ្មួញកណ្តាល (មាន់រស់) បានធ្លាក់ថ្លៃយ៉ាងគំហុក ដោយក្នុង១គីឡូ ក្រាម មានតម្លៃមិនដល់ ៤ ពាន់រៀលនោះឡើយ។
ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លើកឡើងឱ្យដឹងក្នុងពេលថ្មីៗនេះថា ក្នុងឆ្នាំ២០២៥, កម្ពុជាមានសត្វសរុបចំនួនជិត ៦៩ លានក្បាល ក្នុងនោះជ្រូកមានចំនួនជាង ៤,៦ លានក្បាល កើនឡើងជាង ១៤% ធៀបនឹងឆ្នាំ២០២៤ ចំណែកបក្សី មានចំនួនជិត ៦១ លានក្បាល ថយចុះ ១,៣% ធៀបនឹង ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ កម្ពុជាអាចផ្គត់ផ្គង់សាច់បានចំនួន ៩៨% ស្មើនឹង ៣៣១ ពាន់តោន ដែលតម្រូវការជាក់ស្តែងចំនួន ៣៣៨ ពាន់តោន។ តាមការគណនាតម្លៃសត្វ និងផលិតផលសត្វនេះ មានតម្លៃប្រមាណជា ១ ៨០៦ លានដុល្លារ ក្នុងនោះតម្លៃផលិតផលសត្វ នៅសត្តឃាតដ្ឋាន ប្រមាណជា ១ ៣៦០ លានដុល្លា ស៊ុតបក្សី និងទឹកដោះប្រមាណជា ២០៣ លានដុល្លារ និងបាននាំចេញសត្វ និង ផលិតផលសត្វបានប្រមាណជា ២៤៣ លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី
