គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នឹងរៀបចំការចរចាជុំមួយទៀត នាថ្ងៃអង្គារ (ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលជាផ្នែកមួយនៃការជំរុញដ៏ខ្លាំងក្លាចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៤ឆ្នាំ។
ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងប្រឹងប្រែងដាក់ខ្លួនលោកជាអ្នកបង្កើតសន្តិភាព សម្រាប់ជម្លោះដែលបានកើតឡើងនៅពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែការចរចា ២ជុំមុននេះដែលសម្របសម្រួលដោយសេតវិមាន មិនបានផ្តល់នូវវឌ្ឍនភាពណាមួយឡើយ។

ខណៈពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា «អ៊ុយក្រែនគួរតែទៅកាន់តុចរចាឲ្យបានលឿន»។
យ៉ាងណាក្ដី អ៊ុយក្រែនលើកឡើងថា រុស្ស៊ីមិនមានឆន្ទៈក្នុងការសម្របសម្រួល ជុំវិញការទាមទារទឹកដី និងនយោបាយដ៏ទូលំទូលាយរបស់ខ្លួនឡើយ ហើយចង់បន្តប្រយុទ្ធ។ មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃចន្ទថា «សូម្បីតែនៅមុនថ្ងៃនៃកិច្ចប្រជុំត្រីភាគីនៅទីក្រុងហ្សឺណែវនេះក្ដី ក៏កងទ័ពរុស្ស៊ីមិនមានបញ្ជាអ្វីក្រៅពីបន្តវាយប្រហារអ៊ុយក្រែននោះឡើយ។ នេះបង្ហាញកាន់តែខ្លាំងឡើងថា តើរុស្ស៊ីមិនខ្វល់ខ្វាយកិច្ចប្រឹងប្រែងការទូតរបស់ដៃគូយ៉ាងដូចម្ដេច»។
កិច្ចចរចានេះ ដែលវិមានក្រឹមឡាំងបានឲ្យដឹងថា នឹងត្រូវបានធ្វើឡើងដោយបិទទ្វារ និងគ្មានអ្នកសារព័ត៌មានចូលរួមនោះ បានកើតឡើងបន្ទាប់ពីមានកិច្ចប្រជុំ ២លើកមុននេះ ដែលបានធ្វើឡើងនៅឆ្នាំនេះ នៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi ) ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។
សម្រាប់ការចរចានៅទីក្រុងហ្សឺណែវនេះ វិមានក្រឹមឡាំងបានតែងតាំងអ្នកជាតិនិយម និងអតីតរដ្ឋមន្ត្រីវប្បធម៌ លោក Vladimir Medinsky ជាអ្នកចរចាឈានមុខរបស់ខ្លួន។ ក្រុមរបស់ទីក្រុងគីវ នឹងដឹកនាំដោយអតីតរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov ខណៈដែលសេតវិមានត្រូវបានគេរំពឹងថា នឹងបញ្ជូនបេសកជនពិសេស លោក Steve Witkoff និងអ្នកជំនួញ និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner៕

