ការចរចាដោយប្រយោល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមឡើងវិញនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្របពេលមានភាពតានតឹងក្នុងតំបន់កើនឡើង និងការគំរាមកំហែងនៃការបង្កើនកម្លាំងយោធា។ ការចរចានេះ ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ បាននាំរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi និងបេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner មកអង្គុយទល់មុខគ្នា។ តែទោះបីជាមានការចូលរួមពាក់ព័ន្ធផ្នែកការទូតក៏ដោយ ក៏ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់ពង្រាយធនធានយោធានៅក្នុងតំបន់នេះ ក្នុងពេលដំណាលគ្នា ដោយគូសបញ្ជាក់ពីយុទ្ធសាស្ត្រចរចា ២ផ្លូវ ដែលគាំទ្រដោយកម្លាំង។
ការចរចានេះបានធ្វើឲ្យមានការចាប់អារម្មណ៍ឡើងវិញនូវជម្លោះរយៈពេលជាច្រើនទសវត្សរ៍ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលជាចំណុចខ្វែងគំនិតខ្លាំងបំផុត នៅក្នុងនយោបាយសន្តិសុខមជ្ឈិមបូព៌ា និងកិច្ចប្រឹងប្រែងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរទូទាំងពិភពលោក។ ការចរចាកំពុងដំណើរការ រួមជាមួយនឹងសញ្ញាបង្កើនកម្លាំងយោធា ដែលអាចមើលឃើញជាក់ស្ដែង។

សហរដ្ឋអាមេរិកបានប្រមូលផ្តុំសមត្ថភាពកងទ័ពជើងទឹក និងអាកាសដ៏ធំនៅក្នុងតំបន់ ខណៈដែលអ៊ីរ៉ង់ បានចាប់ផ្តើមសមយុទ្ធយោធា នៅច្រកសមុទ្រ Hormuz ដែលជាផ្លូវឆ្លងកាត់ដ៏សំខាន់ សម្រាប់ការផ្គត់ផ្គង់ថាមពលសកល។ រដ្ឋអារ៉ាប់ឈូងសមុទ្រ ដែលងាយរងគ្រោះខ្លាំង ចំពោះការរំខាន កំពុងជំរុញឲ្យមានដំណោះស្រាយការទូត ដើម្បីបញ្ចៀសការធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់។
កិច្ចពិភាក្សានៅទីក្រុងហ្សឺណែវនេះ ឆ្លុះបញ្ចាំងពីឱកាសដ៏តូចចង្អៀត សម្រាប់ការទូត ស្របពេលមានឥរិយាបថបង្កើនកងកម្លាំងយោធា។ ការមិនទទួលបានលទ្ធផលវិជ្ជមាន អាចបង្កឲ្យមានជម្លោះក្នុងតំបន់ រំខានដល់លំហូរថាមពលឆ្លងកាត់ច្រកសមុទ្រ Hormuz និងធ្វើឲ្យហានិភ័យកាន់តែខ្ពស់នៃការរីកសាយភាយនុយក្លេអ៊ែរ។ ផ្ទុយទៅវិញ ទោះបីជាមានកិច្ចព្រមព្រៀងមិនទូលំទូលាយក៏ដោយ ក៏អាចធ្វើឲ្យទីផ្សារមានស្ថេរភាព បន្ធូរបន្ថយសម្ពាធទណ្ឌកម្ម និងកាត់បន្ថយការការកើនឡើងនូវភាពតានតឹងបានខ្លះដែរ។ ប្រសិនបើគ្មានការទម្លាយភាពទាល់ច្រកនោះទេ ការចរចាអាចនាំមកនូវតែយន្តការកាត់បន្ថយភាពតានតឹងបណ្តោះអាសន្ន ជាជាងការដោះស្រាយប្រកបដោយចីរភាព។
តែយ៉ាងណាក៏ដោយ សូម្បីតែវឌ្ឍនភាពមានកម្រិត ក៏អាចបន្ថយលទ្ធភាពនៃការមានជម្លោះភ្លាមៗដែរ។ ដូច្នេះ កិច្ចពិភាក្សានៅទីក្រុងហ្សឺណែវនេះ គឺពាក់ព័ន្ធនឹងការគ្រប់គ្រងវិបត្តិ ជាជាងការដោះស្រាយវាឲ្យបានទាំងស្រុង ពីព្រោះកំហុសឆ្គងណាមួយ សូម្បីតែបន្តិច ក៏អាចផ្ដល់ផលវិបាកធ្ងន់ធ្ងរខ្លាំងបានដែរ៕
