ក្រុមមនុស្សយន្តស្រដៀងមនុស្ស បានចូលរួមជាមួយអ្នកសម្ដែងគុនកុងហ្វូវ័យក្មេង ដើម្បីបង្ហាញនូវសិល្បៈក្បាច់គុនដ៏គួរឲ្យជក់ចិត្ត ក្នុងពិធីជប់លៀងបុណ្យចូលឆ្នាំប្រពៃណីចិន សម្រាប់ឆ្នាំ២០២៦ របស់ក្រុមហ៊ុនសារព័ត៌មានចិន (CMG) កាលពីថ្ងៃចន្ទ (ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦)។
ការបង្ហាញនូវទស្សនីយភាពដ៏មានថាមពលខ្ពស់នេះ បានឃើញមនុស្សយន្តដែលមានភាពបត់បែនរហ័សរហួន និងគ្រូគុនកុងហ្វូវ័យក្មេង សម្តែងនូវឈុតឆាកគួរឲ្យជក់ចិត្ត និងកាយវិការស្រុះគ្នាជាបន្តបន្ទាប់ ដែលធ្វើឲ្យទស្សនិកជនស្រឡាំងកាំងគ្រប់គ្នា។

អំឡុងការសម្ដែងនោះ មនុស្សយន្តទាំងនោះ ក៏បានប្រើអាវុធប្រពៃណីរបស់ក្បាច់គុនកុងហ្វូ ដូចជាដាវ និងដំបងដែកជាដើម ដោយបង្ហាញនូវល្បឿន លំនឹង ភាពមិនឆ្គង និងភាពជាក់លាក់គួរឲ្យចាប់អារម្មណ៍ ខណៈដែលពួកគេបង្ហាញនូវចលនាដ៏រស់រវើកប្រកបដោយជំនាញ។
គួរបញ្ជាក់ថា បុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំចិន គឺជាថ្ងៃបុណ្យប្រពៃណីដ៏សំខាន់បំផុត សម្រាប់ប្រជាជនចិន។ ការទស្សនាពិធីជប់លៀងបុណ្យចូលឆ្នាំចិន ដែលត្រូវបានគេស្គាល់ថា ជា «Chunwan» (ឈុនវ៉ាន់) គឺជាផ្នែកមួយដ៏គួរឲ្យស្រឡាញ់បំផុតនៃការប្រារព្ធពិធីអបអរជារៀងរាល់ឆ្នាំនៅតាមផ្ទះចិនរាប់រយលានខ្នង។
ចាប់តាំងពីការចាក់ផ្សាយលើកដំបូងនៅឆ្នាំ១៩៨៣ មក ពិធីបុណ្យនេះ ត្រូវបានទទួលស្គាល់ដោយកម្មវិធីកំណត់ត្រាពិភពលោក Guinness World Records ថា ជាកម្មវិធីទូរទស្សន៍ប្រចាំឆ្នាំដែលមានអ្នកទស្សនាច្រើនជាងគេបំផុតនៅលើភពផែនដី។
ពិធីបុណ្យនិទាឃរដូវ ឬពិធីបុណ្យចូលឆ្នាំចិននេះ ត្រូវបានចុះបញ្ជីនៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងខែធ្នូ ឆ្នាំ២០២៤។ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៦ នឹងចាប់ផ្ដើមនៅថ្ងៃអង្គារនាឆ្នាំនេះ ដែលជាការចាប់ផ្តើមឆ្នាំមមី៕


