លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទ (ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦) បាននិយាយថា គុយបា គឺជា «ប្រទេសបរាជ័យ» ហើយបានអំពាវនាវឲ្យទីក្រុងឡាហាវ៉ាន (Havana) ធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក តែលោកបានច្រានចោលពីការមានប្រតិបត្តិការផ្លាស់ប្តូររបប។

មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា៖ «ឥឡូវនេះ គុយបា គឺជាប្រទេសបរាជ័យ»។
តែនៅពេលត្រូវបានសួរថា តើសហរដ្ឋអាមេរិក នឹងទម្លាក់រដ្ឋាភិបាលគុយបាពីអំណាច ដូចដែលទីក្រុងវ៉ាស៊ីនតោនបានធ្វើ នៅពេលដែលខ្លួនបានវាយឆ្មក់វ៉េណេស៊ុយអេឡា និងចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro ដែរ ឬទេ លោក Trump បានឆ្លើយតបថា៖ «ខ្ញុំគិតថា វាពុំចាំបាច់ធ្វើបែបនេះឡើយ»។
គួរបញ្ជាក់ថា ប្រទេសកោះនេះ កំពុងប្រឈមនឹងកង្វះខាតប្រេងឥន្ធនៈ និងការដាច់ចរន្តអគ្គិសនីយ៉ាងធ្ងន់ធ្ងរ ខណៈដែលលោក Trump បង្កើនការហាមឃាត់របស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍លើប្រទេសនេះ និងដាក់សម្ពាធលើប្រទេសដទៃទៀត ឲ្យឈប់បញ្ជូនប្រេងទៅកាន់ទីក្រុងឡាហាវ់ាន។
យ៉ាងណាក្ដី លោក Trump បានទទួលស្គាល់ថា កង្វះខាតប្រេងឥន្ធនៈ គឺប៉ះពាល់ដល់ប្រជាជនសាមញ្ញ និងប៉ះពាល់ដល់តម្រូវការជាមូលដ្ឋានរបស់ពួកគេ៕
