មន្ត្រីសន្តិសុខម្នាក់ បានប្រាប់ឲ្យដឹងថា ការវាយប្រហារដោយគ្រាប់បែក ២គ្រាប់ និងការបាញ់ប្រហារគ្នារវាងនគរបាល និងក្រុមសកម្មប្រយុទ្ធ នៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន បានបណ្ដាលឲ្យបុគ្គលិកសន្តិសុខយ៉ាងហោចណាស់ ១១នាក់ និងជនស៊ីវិល ៣នាក់ស្លាប់ ក្នុងនោះរួមមានកុមារម្នាក់ដែរ។
ហេតុការណ៍ដាច់ដោយឡែកពីគ្នា កាលពីថ្ងៃចន្ទ (ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦) នៅក្នុងខេត្ត Khyber Pakhtunkhwa ដែលបាននាំឲ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់ផ្សេងទៀតរងរបួសនោះ បានកើតឡើង នៅពេលដែលកងកម្លាំងសន្តិសុខប៉ាគីស្ថានប្រយុទ្ធជាមួយនឹងការបះបោរកាន់តែខ្លាំងឡើង នៅក្នុងខេត្តភាគខាងត្បូង និងភាគខាងជើងដែលជាប់ព្រំដែនអាហ្វហ្គានីស្ថាន។
នៅខែនេះ ក្រុមរដ្ឋឥស្លាម ISIS បានអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ធំមួយ នៅវិហារឥស្លាមនិកាយ Shia ក្នុងរដ្ឋធានី Islamabad ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់ ដោយមានអ្នករបួស ១៦៩នាក់ផ្សេងទៀត។

ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីសន្តិសុខបានប្រាប់សារព័ត៌មាន AFP ថា កាលពីល្ងាចថ្ងៃចន្ទ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបើករថយន្តផ្ទុកដោយគ្រឿងផ្ទុះបំបុកចូលទៅក្នុងជញ្ជាំងមហាវិទ្យាល័យសាសនាមួយ នៅក្នុងតំបន់កុលសម្ព័ន្ធ Bajaur ក្នុងខេត្ត Khyber Pakhtunkhwa។
លោកបានបញ្ជាក់ថា៖ «ក្នុងហេតុការណ៍នោះ បុគ្គលិកនគរបាល និងកងកម្លាំងព្រំដែនចំនួន ៨នាក់ ដែលមានវត្តមាននៅក្នុងសិក្ខាសាលា ត្រូវបានសម្លាប់ ហើយ ១០នាក់ផ្សេងទៀតរងរបួស។ ការផ្ទុះនេះក៏បានបណ្តាលឲ្យដំបូលផ្ទះជាច្រើនខ្នងនៅក្បែរនោះបាក់រលំ ដោយបានសម្លាប់កុមារម្នាក់»។ លោកបានបន្ថែមថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង។
មន្ត្រីរូបនោះបានឲ្យដឹងទៀតថា នៅក្នុងការវាយប្រហារមួយផ្សេងទៀត ក្នុងទីក្រុង Bannu គ្រាប់បែកមួយគ្រាប់ដែលដាក់ក្នុងឆៃកែវ (រ៉ឺម៉កអូស) បានផ្ទុះនៅឯប៉ុស្តិ៍នគរបាល Miryan ដោយសម្លាប់ជនស៊ីវិល ២នាក់ និងរងរបួស ១៧នាក់ផ្សេងទៀត៕

