មេដឹកនាំបណ្ដោះអាសន្នរបស់ប្រទេសបង់ក្លាដែស លោក Muhammad Yunus បានប្រកាសចុះចេញពីតំណែង កាលពីថ្ងៃចន្ទ (ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦) អំឡុងពេលផ្ដល់សុន្ទរកថាលាទៅកាន់ប្រជាជាតិ មុនពេលប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលជាប់ឆ្នោត។
អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពវ័យ ៨៥ឆ្នាំរូបនេះ បាននិយាយថា៖ «ថ្ងៃនេះ រដ្ឋាភិបាលបណ្ដោះអាសន្នកំពុងបញ្ចប់តួនាទីរបស់ខ្លួនហើយ។ ប៉ុន្តែសូមការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិជាមូលដ្ឋានដែលបានចាប់ផ្តើម មិនត្រូវបានបញ្ឈប់ឡើយ»។
លោក Yunus បានវិលត្រឡប់មកពីការនិរទេសខ្លួនដោយខ្លួនឯង ក្នុងខែសីហា ឆ្នាំ២០២៤ ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រី Sheikh Hasina ត្រូវបានផ្តួលរំលំដោយការបះបោរដឹកនាំដោយនិស្សិត ហើយលោកស្រីបានភៀសខ្លួនតាមឧទ្ធម្ភាគចក្រទៅកាន់ប្រទេសឥណ្ឌា។

លោកបាននិយាយថា៖ «នោះគឺជាថ្ងៃរំដោះដ៏អស្ចារ្យ។ វាគឺជាថ្ងៃដ៏រីករាយអ្វីម្ល៉េះទេ ហើយប្រជាជនបង់ក្លាដែសទូទាំងពិភពលោក បានស្រក់ទឹកភ្នែកដោយក្ដីរំភើបរីករាយ។ យុវជននៃប្រទេសរបស់យើង បានរំដោះប្រទេសចេញពីអំណាចរបស់ក្រុមមនុស្សទុច្ចរិត»។
លោកបានដឹកនាំប្រទេសបង់ក្លាដែស ក្នុងនាមជា «ទីប្រឹក្សាជាន់ខ្ពស់» ចាប់តាំងពីពេលនោះមក ហើយឥឡូវនេះ បានប្រគល់អំណាចបន្ទាប់ពីអបអរគណបក្សជាតិនិយមបង់ក្លាដែស (BNP) និងមេដឹកនាំរបស់បក្ស គឺលោក Tarique Rahman ចំពោះ «ជ័យជម្នះក្នុងសំឡេងដ៏លើសលប់» នៅក្នុងការបោះឆ្នោត កាលពីសប្តាហ៍មុន។
លោក Yunus បានសង្កត់ធ្ងន់ថា៖ «ប្រជាជន អ្នកបោះឆ្នោត គណបក្សនយោបាយ និងស្ថាប័នពាក់ព័ន្ធដែលមានទំនាក់ទំនងជាមួយការបោះឆ្នោតនេះ បានធ្វើជាគំរូដ៏គួរឲ្យកោតសរសើរ។ ការបោះឆ្នោតនេះ បានកំណត់ស្តង់ដារ សម្រាប់ការបោះឆ្នោតនាពេលអនាគត»។
លោក Rahman វ័យ ៦០ឆ្នាំ ដែលជាប្រធានគណបក្ស BNP និងជាសន្តតិវង្សនយោបាយដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេស នឹងឡើងដឹកនាំប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជន ១៧០លាននាក់នេះ៕
