លោក Tarique Rahman មេដឹកនាំគណបក្សជាតិនិយមបង់ក្លាដែស (BNP) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបង់ក្លាដែស នៅថ្ងៃអង្គារ (ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ដោយនេះជាការផ្លាស់ប្តូរនយោបាយដ៏សំខាន់មួយ នៅក្នុងប្រទេសអាស៊ីខាងត្បូង បន្ទាប់ពីគណបក្សរបស់លោក ទទួលបានជ័យជម្នះយ៉ាងធំធេង នៅក្នុងការបោះឆ្នោតសភា។
លោក Rahman វ័យ ៦០ឆ្នាំ ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Khaleda Zia និងអតីតប្រធានាធិបតី លោក Ziaur Rahman ដែលត្រូវបានធ្វើឃាត បានចាប់ផ្ដើមកាន់តំណែងដោយត្រូវប្រឈមនឹងបញ្ហាបន្ទាន់ធំៗជាច្រើន ក្នុងនោះរួមទាំងការស្តារស្ថិរភាពនយោបាយ ការកសាងទំនុកចិត្តរបស់វិនិយោគិនឡើងវិញ និងការធ្វើឲ្យរស់ឡើងវិញនូវឧស្សាហកម្មសំខាន់ៗ ដូចជាវិស័យកាត់ដេរជាដើម បន្ទាប់ពីមានភាពចលាចលដ៏យូរដែលបានកើតឡើងក្រោយមានការបះបោរដឹកនាំដោយក្រុមមនុស្ស Gen-Z ពោលគឺជាហេតុការណ៍ដែលបានផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រី Sheikh Hasina ក្នុងឆ្នាំ២០២៤។

ហើយរដ្ឋបាលបណ្ដោះអាសន្នដឹកនាំដោយម្ចាស់ជ័យលាភីរង្វាន់ណូបែល លោក Muhammad Yunus បានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលអន្តរកាល ដែលបាននាំទៅដល់ការបោះឆ្នោត។
ដោយមិនធ្វើតាមប្រពៃណីកន្លងមក ពិធីស្បថចូលកាន់តំណែងនេះ ត្រូវបានធ្វើឡើងនៅទីហាលវាល នៅឯ South Plaza នៃអគារសភាជាតិ Jatiya Sangsad Bhaban ជំនួសឲ្យ Bangabhaban ដែលជានិវេសនដ្ឋានរបស់ប្រធានាធិបតី ដែលព្រឹត្តិការណ៍បែបនេះជាធម្មតាត្រូវបានរៀបចំឡើងនៅទីនោះ។
លោកប្រធានាធិបតី Mohammed Shahabuddin បានធ្វើជាអធិបតីនៅពេលដែលលោក Rahman និងគណៈរដ្ឋមន្ត្រីរបស់លោក បានស្បថចូលកាន់តំណែងនៅចំពោះមុខឥស្សរជននយោបាយជាន់ខ្ពស់ អ្នកការទូត មន្ត្រីស៊ីវិល និងយោធា និងតំណាងមកពីប្រទេសដែលទទួលបានការអញ្ជើញ ក្នុងនោះរួមមានទាំងប្រទេសចិន ឥណ្ឌា និងប៉ាគីស្ថានផងដែរ។
គួរបញ្ជាក់ថា គណបក្ស BNP របស់លោក Rahman ទទួលបានសំឡេងភាគច្រើនដាច់ខាត ២ភាគ៣ ដោយបានវិលត្រឡប់ទៅកាន់អំណាចវិញក្រោយរយៈពេលជិត ២ទសវត្សរ៍៕
