នៅថ្ងៃអង្គារនេះ អ្នកដំណើរបានជាប់ខ្លួននៅអាកាសយានដ្ឋានដ៏សំខាន់មួយកន្លែងរបស់កេនយ៉ា ស្របពេលដែលកូដកម្មរបស់ក្រុមអ្នកគ្រប់គ្រងការធ្វើចរាចរណ៍ផ្លូវអាកាស បានឈានចូលដល់ថ្ងៃទី ២ ធ្វើឲ្យអ្នកដំណើរជាប់ខ្លួនជាច្រើនម៉ោង និងអ្នកដំណើរខ្លះទៀត ពុំទាន់ប្រាកដថាតើ ជើងហោះហើររបស់ពួគេ នឹងអាចចាប់ផ្តើមហោះហើរឡើងវិញដែរឬទេ ។
កូដកម្មនេះ បង្កការអាក់ខានខ្លាំងនៅអាកាសយានដ្ឋានអន្តរជាតិ Jomo Kenyatta របស់ទីក្រុង Nairobi ដែលស្ថិតក្នុងចំណោមមជ្ឈមណ្ឌលដ៏មមាញឹកបំផុតរបស់អាហ្វ្រិក ។
អ្នកស្រី Theresa Kamau ដែលធ្វើដំណើរទៅកាន់ទីក្រុងឡុងដ្រ៍របស់ចក្រភពអង់គ្លេស ដើម្បីបំពេញការងារនោះ និយាយថា គាត់បានឡើងជិះយន្តហោះរបស់គាត់នៅវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃចន្ទ ប៉ុន្តែគាត់បន្តនៅក្នុងយន្តហោះរយៈពេល ៥ម៉ោង មុនពេលអ្នកដំណើរ ត្រូវបានគេនិយាយប្រាប់ឲ្យចុះពីលើយន្តហោះ ។
អ្នកស្រីបន្តថា ពួកយើងត្រូវចេញដំណើរនៅវេលាម៉ោង ៥ និង ៣០នាទីល្ងាច ប៉ុន្តែបែរជាពួកយើងមិនអាចចេញដំណើរបាន ។ រយៈពេល ៥ម៉ោងក្រោយមក ពួកយើងត្រូវបានគេនិយាយប្រាប់ថាឲ្យចុះពីលើយន្តហោះ ពួកយើងបានជាប់ខ្លួននៅទីនេះ ចាប់តាំងពីថ្ងៃម្សិលមិញមកម្ល៉េះ ។
ដោយឡែក លោក Harry Frimpong គឺជាអ្នកដំណើរមកពីប្រទេសហ្គាណា និយាយដែរថា លោក និងប្អូនប្រុសរបស់លោក មិនអាចត្រួតពិនិត្យជើងហោះហើររបស់ពួកយើងបានទេ នៅព្រឹកថ្ងៃអង្គារនេះ ។ ពួកគេនិយាយថា ពួកគេមិនអាចត្រួតពិនិត្យឲ្យពួកយើងបានឡើយ ពីព្រោះថាផ្នែកអន្តោប្រវេសន៍ ពុំអនុញ្ញាតឲ្យពួកយើងឆ្លងកាត់ ដោយសារតែកូដកម្ម ៕