សារព័ត៌មានក្នុងស្រុករាយការណ៍ថា អគ្គិភ័យមួយបានឆាបឆេះឡើងនៅរោងចក្រផលិតសារធាតុគីមី ស្ថិតនៅតំបន់ឧស្សាហកម្ម Bhiwadi ក្នុងរដ្ឋភាគពាយ័ព្យ Rajasthan ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ ដោយបានសម្លាប់កម្មករយ៉ាងហោច ៧នាក់ ។
អ្នករងរបួស ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ហើយមូលហេតុដែលបណ្តាលឲ្យអគ្គិភ័យនេះ កើតឡើង ពុំត្រូវបានដឹងភ្លាមៗនោះទេ ។
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានសម្តែងមរណទុក្ខចំពោះឧបទ្ទេវហេតុមួយនេះ ដោយរូបលោកបង្ហាញនូវភាពក្រៀមក្រំជាខ្លាំងចំពោះអ្នកបាត់បង់អាយុជីវិតរបស់ពួកគេ ។
លោកថា អគ្គិភ័យនៅតំបន់ឧស្សាហកម្ម Bhiwadi គឺជាសោកនាដកម្ម ហើយលោកសូមជួយចែករំលែកមរណទុក្ខចំពោះអ្នកបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ។ លោកសូមបួងសួងឲ្យអ្នករងរបួស ឆាប់ជាសះស្បើយឡើងវិញផងដែរ ៕