រដ្ឋមន្ត្រីព័ត៌មានវិទ្យា លោក Ashwini Vaishnaw បាននិយាយនៅថ្ងៃអង្ការ (ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា ប្រទេសឥណ្ឌាកំពុងពិភាក្សាអំពីការរឹតបន្តឹងផ្អែកលើអាយុជាមួយក្រុមហ៊ុនបណ្ដាញសង្គម បន្ទាប់ពីមានចំណាត់ការរបស់អូស្ត្រាលី ក្នុងការហាមឃាត់អ្នកដែលមានអាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់វេទិកាពេញនិយមនានា។
លោក Vaishnaw បានប្រាប់អ្នកសារព័ត៌មាននៅឯកិច្ចប្រជុំ AI Impact Summit ថា៖ «នេះជាអ្វីមួយដែលឥឡូវនេះត្រូវបានទទួលយកដោយប្រទេសជាច្រើន ដែលថា បទប្បញ្ញត្តិផ្អែកលើអាយុត្រូវតែមាន»។
លោកបានបន្ថែមថា៖ «ឥឡូវនេះ យើងកំពុងស្ថិតក្នុងការសន្ទនា ជាមួយវេទិកាបណ្ដាញសង្គមផ្សេងៗ ទាក់ទងនឹងរូបភាព រូបវីដេអូ ឬសំឡេងក្លែងក្លាយដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទាក់ទងនឹងការរឹតបន្តឹងផ្អែកលើអាយុ និងទាក់ទងនឹងអ្វីដែលជាវិធីដ៏ត្រឹមត្រូវ ដើម្បីដោះស្រាយបញ្ហានេះ»។
គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីកាលពីខែធ្នូឆ្នាំមុន បានអនុវត្តការហាមឃាត់ដែលតម្រូវឲ្យបណ្ដាញសង្គម TikTok, YouTube, Snapchat និងសេវាកម្មបណ្ដាញសង្គមធំៗផ្សេងទៀតលុបគណនីដែលជារបស់ក្មេងជំទង់ ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងការពិន័យយ៉ាងធ្ងន់ធ្ងរ៕