រថយន្ត Chevrolet ធ្លាប់ជាយានជំនិះដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋគុយបារស់នៅក្នុងទីក្រុងឡាហាវ៉ាន់ ប៉ុន្តែបច្ចុប្បន្នភាគច្រើននៃពួកគេ បានងាកមកប្រើប្រាស់យានជំនិះអគ្គិសនីជំនួសវិញ ស្របពេលដែលប្រទេសមួយនេះ ប្រឈមកង្វះខាតប្រេងឥន្ធនៈដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
ប្រេងឥន្ធនៈមានការខ្សត់ខ្សោយយ៉ាងខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក កាត់ផ្តាច់ការនាំចេញប្រេងពីវេណេស៊ុយអេឡា និងគំរាមដាក់ទណ្ឌកម្មប្រទេសណាមួយដែលនាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសកោះមួយនេះ ។
រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចាត់ទុកគុយបាថា ជាការគំរាមកំហែងដល់សន្តិសុខជាតិសហរដ្ឋអាមេរិក ។
នៅក្នុងសង្កាត់ Alamar លោក Eugenio Gainza បានបើករម៉កកងបីរបស់លោក ដឹកអ្នកដំណើរនៅតាមផ្លូវ ។ លោកនិយាយថា លោកដឹកភ្ញៀវប្រហែល ១៦លើក ក្នុង ១ថ្ងៃ ហើយនៅពេលដែលគ្មានប្រេងឥន្ធនៈបែបនេះ រម៉កកង់បីអគ្គិសនីរបស់លោក គឺជាមធ្យោបាយតែមួយគត់ ធ្វើឲ្យការដឹកជញ្ជូនអាចដំណើរការទៅបាន ។
រម៉កកង់បីអគ្គិសនី បានក្លាយជាមធ្យោបាយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការដឹកជញ្ជូនតាមដងផ្លូវក្នុងទីក្រុងឡាហាវ៉ាន់ សម្រាប់អ្នកស្រុក ហើយនិងជួយចល័តនៅតាមតំបន់មមារញឹក ។
លោក Barbaro Castaneda គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុងឡាហាវ៉ាន់ និយាយថា ការដឹកជញ្ជូនរបស់យានជំនិះអគ្គិសនី ដោះស្រាយបញ្ហាបានច្រើន បើទោះបីជាមានប្រេងឥន្ធនៈ ឬគ្មានក៏ដោយ ពីព្រោះថា វាគឺជាថាមពលកកើតថ្មីដែលមានការជឿនលឿននៅលើពិភពលោក ។ លោកថា បច្ចុប្បន្នវាផ្តល់ឲ្យពួកយើងនូវវឌ្ឍនភាព និងជាជំនួយដែលពួកយើងត្រូវការ ៕