ក្រុមមន្រ្តីប៉ាឡេស្ទីន និងក្រុមឃ្លាំមើលការតាំងលំនៅនិគមន៍អ៊ីស្រាអែល បានថ្កោលទោសវិធានការរបស់អ៊ីស្រាអែល ក្នុងការរឹតបន្តឹងការគ្រប់គ្រងរបស់ពួកគេ នៅតំបន់កាន់កាប់វ៉េសប៊ែង ហើយនិងចំណាត់ការធ្វើឲ្យអ្នកតាំងលំនៅនិគមន៍ ងាយស្រួលទិញដីធ្លី ដើម្បីធ្វើជាម្ចាស់កម្មសិទ្ធិរបស់ពួកគេ ។
កាលពីថ្ងៃអាទិត្យកន្លងទៅ គណៈរដ្ឋមន្រ្តីអ៊ីស្រាអែល បានបោះឆ្នោតឲ្យមានការចាប់ផ្តើមដំណើរការចុះបញ្ជីដីធ្លីជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៦៧ ។
លោក Jad Isaac គឺជាអគ្គនាយកវិទ្យាស្ថានស្រាវជ្រាវក្រុងហ្សេរុយសាឡឹម និយាយថា វិធានការនេះ នឹងអនុញ្ញាតឲ្យអ៊ីស្រាអែលគ្រប់គ្រងតំបន់វ៉េសប៊ែងជាង ៨០ភាគរយ ។
ចំណែកឯលោក Hagit Ofran មកពីក្រុមឃ្លាំមើលការតាំងលំនៅនិគមន៍អ៊ីស្រាអែល Peace Now និយាយថា វិធានការរបស់អ៊ីស្រាអែល បានបំពានទាំងស្រុងលើច្បាប់អន្តរជាតិ ។
លោកថា ដំណើរការចុះបញ្ជីដីធ្លី មានន័យថា នឹងគ្រប់គ្រងតំបន់ភាគច្រើននៅដែនដីកាន់កាប់វ៉េសប៊ែង ជាទីដែលជនប៉ាឡេស្ទីនមិនអាចបញ្ជាក់ម្ចាស់កម្មសិទ្ធិបាន ហើយវានឹងចុះបញ្ជីដោយស្វ័យប្រវត្តិថាជាដីធ្លីរបស់រដ្ឋអ៊ីស្រាអែល ។
សូមបញ្ជាក់ថា តំបន់វ៉េសប៊ែង ស្ថិតនៅក្នុងចំណោមដែនដីដែលជនប៉ាឡេស្ទីន ព្យាយាមស្វែងរករដ្ឋឯករាជ្យនាពេលអនាគតរបស់ខ្លួន ៕