ទីភ្នាក់ងារសមុទ្រចក្រភពអង់គ្លេស បានឲ្យដឹងនៅថ្ងៃអង្គារ (ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា ខ្លួនបានទទួលរបាយការណ៍ អំពីការបាញ់តគ្នា ដែលពាក់ព័ន្ធនឹងនាវា ១គ្រឿង និងទូកតូច ១គ្រឿង ចម្ងាយប្រហែល ៧០ម៉ាលយ៍ណត់ (ជិត ១៣០គីឡូម៉ែត្រ) នៅសមុទ្រភាគនិរតីនៃកំពង់ផែ Aden របស់ប្រទេសយេម៉ែន។
ប្រតិបត្តិការពាណិជ្ជកម្មសមុទ្រចក្រភពអង់គ្លេស (UKMTO) បានឲ្យដឹងថា នាវា ១គ្រឿង ត្រូវបានទូកពណ៌ស ១គ្រឿងដែលមានមនុស្ស ៥នាក់នៅលើនោះចូលទៅកៀក ហើយហេតុការណ៍នេះត្រូវបានបន្តដោយការបាញ់តគ្នាដោយអាវុធតូចៗ។ ហើយបើយោងតាម UKMTO បានឲ្យដឹងថា ទូកតូចៗ ២គ្រឿងទៀត ក៏ត្រូវបានរាយការណ៍នៅក្នុងតំបន់ជុំវិញនោះផងដែរ ហើយអាជ្ញាធរកំពុងស៊ើបអង្កេត។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៣ មក ពួកសកម្មប្រយុទ្ធហ៊ួធីរបស់ប្រទេសយេម៉ែន បានបើកការវាយប្រហារជាច្រើនលើកលើនាវានៅក្នុងសមុទ្រក្រហម ដោយផ្ដល់ហេតុផលថា ពួកគេកំពុងធ្វើសកម្មភាព ដើម្បីបង្ហាញនូវសាមគ្គីជាមួយប្រជាជនប៉ាឡេស្ទីន ជុំវិញសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ ប៉ុន្តែការវាយប្រហារទាំងនោះ បានបញ្ឈប់ចាប់តាំងពីបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវសម្របសម្រួលឲ្យមានឡើងនៅក្នុងខែតុលាឆ្នាំមុន។
តែយ៉ាងណាក្ដី ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួននៅតែប្រុងប្រយ័ត្នក្នុងការចាប់ផ្ដើមធ្វើដំណើរឡើងវិញតាមរយៈដែនទឹកទាំងនោះ។ ការវាយប្រហារទាំងនេះ បានរំខានដល់លំហូរពាណិជ្ជកម្ម តាមរយៈសមុទ្រក្រហម និងព្រែកជីក Suez ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក៕