សហរដ្ឋអាមេរិកនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលបន្ថែមទៀត នៅប្រទេសហ្វីលីពីន ជាចំណាត់ការមួយដែលអាចនឹងធ្វើឲ្យប្រទេសចិនខឹងសម្បា ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងម៉ានីល កំពុងលើកកម្ពស់ទំនាក់ទំនងការពារជាតិរបស់ពួកគេ។
ទាំងសហរដ្ឋអាមេរិក និងហ្វីលីពីន បានប្តេជ្ញាចិត្ត ចំពោះការបន្ត និងការធ្វើការ ដើម្បីបង្កើនការដាក់ពង្រាយនូវប្រព័ន្ធមីស៊ីល និងប្រព័ន្ធយានដ្រូនកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក នៅប្រទេសហ្វីលីពីន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយ នាថ្ងៃអង្គារ (ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បន្ទាប់ពីមានកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់ នៅក្នុងទីក្រុងម៉ានីល កាលពីថ្ងៃទី១៦ ខែកុម្ភៈ។
សហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon របស់ខ្លួន នៅហ្វីលីពីន ក្នុងឆ្នាំ២០២៤។ ប្រព័ន្ធនេះអាចបាញ់រ៉ូកែតពហុបំណង ក្នុងនោះរួមទាំងមីស៊ីលតម្រង់គោលដៅ Tomahawk ដែលមានរយៈចម្ងាយគ្រប់គ្រាន់ ដើម្បីវាយប្រហារផ្នែកដ៏ធំនៃប្រទេសចិន។ ទីក្រុងប៉េកាំងបានលើកឡើងថា អាវុធនេះ «អាចធ្វើឲ្យមានអស្ថិរភាព»។
ហើយនៅឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានបញ្ជូនប្រព័ន្ធមីស៊ីលប្រឆាំងនាវា NMESIS របស់ខ្លួនទៅកាន់ហ្វីលីពីន ក្នុងអំឡុងពេលមានសមយុទ្ធយោធាជាដៃគូប្រចាំឆ្នាំ។ លំហាត់សមទាំងនោះរួមមានទាំងសមយុទ្ធនៅភាគខាងជើងនៃកោះ Luzon និង Batanes ដែលជាតំបន់ជិតកោះតៃវ៉ាន់។
នៅពេលត្រូវបានសួរកាលពីថ្ងៃទី១៦ ខែកុម្ភៈថា តើប្រព័ន្ធមីស៊ីល Typhon នៅតែស្ថិតនៅលើដីរបស់ហ្វីលីពីនដែរ ឬទេ មេបញ្ជាការកងទ័ពទីក្រុងម៉ានីល គឺលោកឧត្តមសេនីយ៍ឯក Antonio Nafarrete បាននិយាយថា «នោះគឺជាបញ្ហាពាក់ព័ន្ធនឹងប្រតិបត្តិការផ្នែកសន្តិសុខ»។
កិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបាន រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន នៅក្នុងកិច្ចប្រជុំថ្ងៃទី១៦ ខែកុម្ភៈ រួមមានការរៀបចំកិច្ចប្រជុំ «២+២» លើកទី៥ រវាងមន្ត្រីការពារជាតិ និងការបរទេសនៃប្រទេសទាំង២ នៅសហរដ្ឋអាមេរិក នៅចុងឆ្នាំ២០២៦៕