
អ្នកស្រុករស់នៅក្នុងទីក្រុង Bukavu បានប្រារព្ធខួប ១ឆ្នាំ ចាប់តាំងពីក្រុមឧទ្ទាម M23 ដណ្តើមគ្រប់គ្រងទីក្រុងភាគខាងកើតរបស់កុងហ្គោមួយនេះ ក្នុងនោះភាគច្រើននៃពួកគេ បាននិយាយរៀបរាប់ពីស្ថានភាពអសន្តិសុខ ការលំបាកផ្នែកសេដ្ឋកិច្ច និងស្ថានប័នចុះខ្សោយ ។
នៅទីលានចតុរង្គឯករាជ្យ និងផ្សារ Kadutu ពាណិជ្ជករ និងអ្នកបើកបរ បាននិយាយពីសកម្មភាពពាណិជ្ជកម្មធ្លាក់ចុះ និងការខូចខាតពីករណីចោរកម្ម ហើយពួកគេអះអាងថា ជីវិតនៅពុំទាន់បានងើបឡើងវិញនោះទេពីការគ្រប់គ្រងរបស់ក្រុមឧទ្ទាម ។
ក្រុមឧទ្ទាម M23គាំទ្រដោយរ៉្វាន់ដា បានដណ្តើមកាន់កាប់ទីក្រុង Bukavu ដែលជារដ្ឋធានីខេត្ត South Kivu កាលពីខែកុម្ភៈ ឆ្នាំ ២០២៥ បន្ទាប់ពីការវាយប្រហារលឿនដូចផ្លេកបន្ទោររបស់ពួកគេដែលមើលឃើញកងកម្លំាងកុងហ្គោ ដកទ័ពចេញ ហើយក្រុមឧទ្ទាម បង្កើនការគ្រប់គ្រងរបស់ពួកគេនៅទូទាំងតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។
ការរុលចូលនេះដែរ បន្ទាប់ពីការដណ្តើមបានការគ្រប់គ្រងទីក្រុង Goma បង្កឲ្យមានជម្លោះអូសបន្លាយពេលយូរ ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសខ្លួន និងធ្វើឲ្យមានការព្រួយបារម្ភអន្តរជាតិចំពោះអស្ថិរភាពទ្រង់ទ្រាយធំនៅក្នុងតំបន់ ។
លោក Fadhili Mubole គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Bukavu និយាយថា ការដកចេញកងម្លាំងរដ្ឋាភិបាលកុងហ្គោ គ្មានទេសន្តិសុខ ជាហេតុនាំឲ្យមានអំពើហិង្សា និងករណីចោរកម្ម ។
លោកបន្តថា គ្មានទេវត្តមានរបស់អាជ្ញាធរនៅក្នុងទីក្រុង ជីវិតរស់នៅដោយគ្មានអភិបាល ហើយពលរដ្ឋគ្រប់គ្រងដោយខ្លួនឯង ខណៈដែលការកាប់សម្លាប់គ្នា មានស្ទើគ្រប់ទីកន្លែង ។
ចំណែកឯលោក Moïse Mulumeoderwa គឺជាអ្នកបើកបរមួយរូបនិយាយដែរថា ប្រាក់ចំណូលប្រចាំថ្ងៃរបស់លោក ធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីក្រុមន្រ្តីរដ្ឋាភិបាលចាកចេញពីទីក្រុង ។
នៅផ្សារ Kadutu អាជីវករ Francine Basemeនិយាយថា ការជួញដូរនៅក្នុងផ្សារ បានធ្លាក់ចុះយ៉ាងខ្លាំង ធ្វើឲ្យអ្នកស្រុកពឹងផ្អែកលើអតិថិជនក្នុងស្រុកមួយប៉ុណ្ណោះ ។ ពួកយើងលែងមានអតិថិជនដូចកាលពីមុនទៀតហើយ ៕