កាលពីថ្ងៃអង្គារ (១៧ កុម្ភៈ) ក្រុមអ្នកចរចាមកពីអ៊ុយក្រែន និងរុស្ស៊ី បានបញ្ចប់កិច្ចចរចាសន្តិភាពថ្ងៃដំបូង នៃកិច្ចពិភាក្សារយៈពេលពីរថ្ងៃ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ ខណៈទីក្រុងវ៉ាស៊ីនតោន បន្តជំរុញឱ្យទីក្រុងគីវ ធ្វើសកម្មភាពឱ្យឆាប់រហ័សក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះដ៏បង្ហូរឈាមរយៈពេល ៤ឆ្នាំមកនេះ ប៉ុន្តែក្តីសង្ឃឹមសម្រាប់ការទម្លាយភាពជាប់គាំងដ៏សំខាន់ណាមួយ នៅមានកម្រិតទាបនៅឡើយ។

មុនកិច្ចចរចានៅប្រទេសស្វីសនេះ រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសពេញមួយយប់ ទូទាំងតំបន់ជាច្រើនរបស់អ៊ុយក្រែន ដោយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់បណ្តាញអគ្គិសនីក្នុងទីក្រុងកំពង់ផែ អូដេសា ភាគខាងត្បូង។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ការវាយប្រហារយ៉ាងសន្ធាប់នោះធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ពុំមានថាមពលកម្ដៅ និងទឹកប្រើប្រាស់ឡើយ។
វិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ បានប្រាប់អ្នកយកព័ត៌មានថា «មិនបាច់រំពឹងថានឹងមានព័ត៌មានអ្វីទេ» ពីកិច្ចចរចាសន្តិភាពនៅទីក្រុងហ្សឺណែវនោះ។ លោក Rustem Umerov ប្រធានក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន ហើយក៏ជាប្រមុខអ្នកចរចារបស់ទីក្រុងគីវ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា កិច្ចចរចាថ្ងៃអង្គារនោះ ផ្តោតលើ «បញ្ហាជាក់ស្តែង និងយន្តការនៃការសម្រេចចិត្តដែលអាចធ្វើទៅបាន» ប៉ុន្តែលោកមិនផ្ដល់ព័ត៌មានលម្អិតច្រើនឡើយ។ លោកគ្រាន់តែនិយាយថា ការចរចានឹងចាប់ផ្តើមឡើងវិញនៅថ្ងៃពុធ ទី១៨ ខែកុម្ភៈ នេះ ដែលជាថ្ងៃចុងក្រោយនៃកិច្ចចរចា។
ក្រុមមន្ត្រីរុស្ស៊ីមិនបានអត្ថាធិប្បាយលើកិច្ចពិភាក្សានោះទេ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានដកស្រង់ប្រភពមួយថា កិច្ចពិភាក្សានេះមាន «ភាពតានតឹងខ្លាំង» និងមានរយៈពេល ៦ម៉ោង ក្នុងទម្រង់ទ្វេភាគី និងត្រីភាគីផ្សេងៗគ្នា។ ប្រភពនោះបានបន្តថា ភាគីទាំងពីរបានយល់ព្រមបន្តការពិភាក្សានៅថ្ងៃពុធ។ មុនកិច្ចចរចាចាប់ផ្តើម លោក Umerov បានបន្ទាបក្តីសង្ឃឹមសម្រាប់ការទម្លាយភាពជាប់គាំងដ៏សំខាន់ណាមួយរួចទៅហើយក្នុងកិច្ចពិភាក្សាទីក្រុងហ្សឺណែវនេះ ដោយលោកនិយាយថា គណៈប្រតិភូអ៊ុយក្រែនកំពុងប្រឹងប្រែងធ្វើការ «ដោយគ្មានការរំពឹងទុកហួសហេតុពេកទេ»៕




