អ៊ីរ៉ង់បាននិយាយថា ខ្លួនបានឈានដល់ការយោគយល់គ្នាជាមួយសហរដ្ឋអាមេរិកលើ «គោលការណ៍ណែនាំ» សំខាន់ៗ ដើម្បីដោះស្រាយជម្លោះរបស់ពួកគេលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

ថ្លែងបន្ទាប់ពីការចរចាដោយប្រយោលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបន្ថែមថា នៅមានការងារជាច្រើនដែលត្រូវធ្វើ ខណៈដែលសហរដ្ឋអាមេរិកបាននិយាយថាវឌ្ឍនភាពត្រូវបានធ្វើឡើង។
លោក Badr Albusaidi រដ្ឋមន្ត្រីការបរទេសនៃប្រទេសអូម៉ង់ បាននិយាយថា ការចរចាបានបញ្ចប់ដោយវឌ្ឍនភាពល្អ ឆ្ពោះទៅរកការកំណត់គោលដៅរួម និងបញ្ហាបច្ចេកទេសពាក់ព័ន្ធ។

កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីការគំរាមកំហែងដោយយោធារបស់សហរដ្ឋអាមេរិកម្តងហើយម្តងទៀតប្រឆាំងនឹងអ៊ីរ៉ង់ ជុំវិញការបង្ក្រាបដ៏សាហាវរបស់ខ្លួនលើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន។ លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកជឿថាអ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀង។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនសង្ស័យថា អ៊ីរ៉ង់កំពុងឆ្ពោះទៅរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ជាអ្វីដែលទីក្រុងតេអេរ៉ង់តែងតែបដិសេធ។

មុនការចរចានៅថ្ងៃអង្គារ១៧កុម្ភៈសប្ដាហ៍នេះ នៅឯលំគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតអូម៉ង់នៅស្វីស អ៊ីរ៉ង់បាននិយាយថា ខ្លួននឹងផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងការលើកលែងទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
ទីក្រុង Washington ធ្លាប់បានបង្ហាញថា ខ្លួនក៏ចង់ពិភាក្សាបញ្ហាផ្សេងៗផងដែរ ដូចជា ការអភិវឌ្ឍន៍មីស៊ីលរបស់អ៊ីរ៉ង់ជាដើម៕