ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងដាក់សម្ពាធហួសហេតុពេកលើរូបលោក ក្នុងការព្យាយាមធានាឱ្យបាននូវដំណោះស្រាយចំពោះសង្គ្រាមជិត ៤ឆ្នាំមកនេះ រវាងទីក្រុងគីវ និងទីក្រុងមូស្គូ។

នៅក្នុងបទសម្ភាសន៍មួយជាមួយគេហទំព័រព័ត៌មាន Axios របស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (១៧ កុម្ភៈ) លោក Zelenskyy ក៏បាននិយាយផងដែរថា ផែនការណាមួយដែលទាមទារឱ្យអ៊ុយក្រែនបោះបង់ចោលទឹកដីដែលរុស្ស៊ីមិនទាន់ដណ្តើមយកបាននៅតំបន់ Donbas ភាគខាងកើត គឺនឹងត្រូវបានបដិសេធដោយប្រជាជនអ៊ុយក្រែន ប្រសិនបើដាក់ឱ្យធ្វើប្រជាមតិ។
ទីភ្នាក់ងារសារព័ត៌មាន Axios បានដកស្រង់សម្តីលោក Zelenskyy ដែលនិយាយថា ជារឿងមិនយុត្តិធម៌ទេដែលលោក Trump បន្តអំពាវនាវជាសាធារណៈឱ្យតែអ៊ុយក្រែន ជាអ្នកធ្វើសម្បទានក្នុងកិច្ចចរចានៃផែនការសន្តិភាព ប៉ុន្តែមិនអំពាវនាវដល់រុស្ស៊ីនោះ។ លោក Zelenskyy បន្តថា៖ លោកសង្ឃឹមថា នេះនឹងគ្រាន់តែជាយុទ្ធសាស្ត្ររបស់លោក Trump ទៅចុះ ហើយសង្ឃឹមថា មិនមែនជាការសម្រេចចិត្តរបស់លោកក្នុងការធ្វើបែបនេះ។
គួរឱ្យដឹងថា លោក Trump បានលើកឡើងពីរដងមកហើយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា អ្វីៗគឺអាស្រ័យលើអ៊ុយក្រែន និងលោក Zelenskyy ក្នុងការចាត់វិធានការដើម្បីធានាថា ការចរចាសន្តិភាពទទួលបានជោគជ័យ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃចន្ទថា «អ៊ុយក្រែនគួរតែមកចរចាគ្នាឱ្យបានលឿន»៕

