រុស្ស៊ីបានវាយប្រហារដោយយានដ្រូនជិត ៤០០ គ្រឿង និងមីស៊ីល ២៩ គ្រាប់លើអ៊ុយក្រែនពេញមួយយប់។ ក្នុងអំឡុងពេលសង្គ្រាមដែលនឹងចូលដល់ឆ្នាំទី៥ នៅសប្តាហ៍ក្រោយ រុស្ស៊ីបានដាក់គោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនម្តងហើយម្តងទៀត ដោយបណ្ដាលឲ្យមនុស្សរាប់លាននាក់នៅទីនោះគ្មានកម្ដៅ ឬអគ្គិសនី អស់រយៈពេលជាច្រើនសប្តាហ៍។ ប្រជាជននៅទីក្រុងគីវប្រឈមនឹងភាពត្រជាក់ខ្លាំងបំផុត ខណៈស្ថិតក្រោមការវាយប្រហារ។

កិច្ចចរចាសន្តិភាពត្រីភាគីជុំទីបីរវាងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិកនឹងបន្តនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃពុធ១៨កុម្ភៈនេះ ខណៈជុំទី១បានបញ្ចប់កាលពីថ្ងៃអង្គារ១៦កុម្ភៈ។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មីស៊ីល២៩ គ្រាប់ រួមទាំងមីស៊ីលផ្លោង និងយានដ្រូនប្រហែល ៤០០ គ្រឿងត្រូវបានប្រើដើម្បីវាយប្រហារ។ លោកបានបន្ថែមថា មនុស្ស៩នាក់បានរងរបួស រួមទាំងកុមារ ហើយអគារអឹផាតមិន និងហេដ្ឋារចនាសម្ព័ន្ធជាង ១០ កន្លែងត្រូវបានបំផ្លាញ។
អ៊ុយក្រែនបានបើកការវាយប្រហារតបតវិញទៅលើទីតាំងស្តុកផលិតផលប្រេងនៅក្នុងតំបន់ Krasnodar របស់រុស្ស៊ី។ អ៊ុយក្រែនបានកំណត់គោលដៅកន្លែងស្តុកប្រេង និងនាវាដឹកប្រេងរបស់រុស្ស៊ី ដើម្បីកាត់ផ្តាច់មូលនិធិសង្គ្រាមរបស់រុស្ស៊ី។
សហរដ្ឋអាមេរិកបានកំណត់ថ្ងៃឱសានវាទនៅខែមិថុនា២០២៦នេះ ហើយទំនងជាកំពុងដាក់សម្ពាធលើភាគីទាំងពីរ ប៉ុន្តែតាមពិតអ៊ុយក្រែនហាក់ដូចជាមានអារម្មណ៍ថាមានសម្ពាធកាន់តែខ្លាំង៕

