លេខាធិការដ្ឋានខេមរសហព័ន្ធតេក្វាន់ដូ ប្រកាសរៀបចំការប្រកួតកីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

បើតាមគណៈកម្មាធិការជំនាញ នៃខេមរៈសហព័ន្ធតេក្វាន់ដូWT បានបញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំនេះមានវិញ្ញាសា សរុបចំនួន ២៥ វិញ្ញាសារួមមាន វិញ្ញាសាមេគុនកុមារា-កុមារី មាន ៦ (១២-១៤ ឆ្នាំ) រីឯវិញ្ញាសាប្រយុទ្ធកុមារា និងកុមារី មាន៣ប្រភេទទម្ងន់ដូចៗគ្នា។
សម្រាប់វិញ្ញាសាយុវជន-យុវតីមាន ៨ ចាប់ពីអាយុ (១៥-១៧ ឆ្នាំ) ចំពោះ វិញ្ញាសាប្រយុទ្ធ មាន៣ប្រភេទទម្ងន់ ព្រមទាំងមេគុនយុវជន-យុវតី (Taeguek Yuk Jang ដល់ Taebeak Poomsae)។
ដោយឡែកវិញ្ញាសាឈុតធំមាន ៩ ចាប់ពី(១៨-៣០ ឆ្នាំ) មានវិញ្ញាសាប្រយុទ្ធបុរស នារី មាន៣ប្រភេទទម្ងន់ផងដែរ រួមទាំងមានវិញ្ញាសាមេគុនបុរស -នារី (Taeguek Yuk Jang ដល់ Sipjin Poomsae)។
រីឯវិញ្ញាសាមេគុន Freestyle មាន ២ វិញ្ញាសា (១៥-៣០ឆ្នាំ )។សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកជាតិខាងលើកីឡាករ កីឡាការិនីចូលរួមប្រកួតក្នុង វិញ្ញាសាប្រយុទ្ធក្នុង ១ នាក់ ចុះឈ្មោះប្រកួតបាន ១វិញ្ញាសា ។រីឯវិញ្ញាសាមេគុនក្នុង១នាក់ ចុះឈ្មោះប្រកួតបាន ២វិញ្ញាសា (TKD uniform តាមអាយុ) ការស្នាក់នៅ ការហូបចុក ការធ្វើដំណើរទៅមក និងការចំណាយផ្សេងៗ ជាបន្ទុករបស់សាមីខ្លួន ក្នុងបណ្តាក្លិបចូលរួម៕

