ការវិនិយោគបរទេសផ្ទាល់នៅកម្ពុជា នៅក្នុងឆ្នាំ២០២៥ មានទំហំទុនវិនិយោគសរុបប្រមាណជិត ៥ ១០០ លានដុល្លារអាមេរិក ដោយក្នុងនោះការវិនិយោគលើវិស័យកម្មន្តសាល មានភាពលេចធ្លោ ឈរក្នុងលំដាប់ទី១ ខណៈការវិនិយោគផ្នែកហិរញ្ញវត្ថុ ស្ថិតក្នុងលំដាប់ទី២។
ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍វិនិយោគនៅក្នុងឆ្នាំ២០២៥ ដែលក្នុងនោះការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទុនវិនិយោគសរុបប្រមាណជិត ៥ ១០០ លានដុល្លារអាមេរិក មានកំណើនកើនឡើង ១៦ ភាគរយ បើធៀបទៅនិងឆ្នាំ ២០២៤ ក្នុងនោះការវិនិយោគលើវិស័យកម្មន្តសាល មានជាង ៦៩ ភាគរយ, វិស័យហិរញ្ញវត្ថុ ជិត ១២ ភាគរយ, សំណង់ ជាង ៦ ភាគរយ, ថាមពលជាង ៣ ភាគរយ, កសិកម្ម ជិត ៣ ភាគរយ, សណ្ឋាគារនិងការកម្សាន្ត ជាង ២ ភាគរយ, អចលទ្រព្យ ២ ភាគរយ, និងការវិនិយោគលើវិស័យផ្សេងៗមានជាង ៣ ភាគរយ។
ចំណែកវិនិយោគិនបរទេសដែលមកវិនិយោគផ្ទាល់នៅកម្ពុជា មានសមាមាត្រច្រើនជាងគេរួមមាន៖ វិនិយោគិនមកពីប្រទេសចិន មានទុនវិនិយោគ សរុបជាង ៣ ៧០០ លានដុល្លារ ស្មើប្រមាណជិត ៧៤ ភាគរយ, សឹង្ហបុរី មានចំនួន ៣៤៧ លានដុល្លារ ស្មើជិត ៧ ភាគរយ, កាណាដា ២៣០ លានដុល្លារ ស្មើជាង ៥ ភាគរយ, ម៉ាឡេស៊ី ១៧៤ លានដុល្លារ ស្មើជាង ៣ ភាគរយ, កូរ៉េខាងត្បូង ១៦៥ លានដុល្លារ ស្មើជាង ៣ ភាគរយ និងមានបណ្តាវិនិយោគមកពីប្រទេសផ្សេងៗជាច្រើនទៀត។
ជុំវិញការវិនិយោគនេះ បើយោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឱ្យដឹងថា នៅក្នុងបំណាច់ឆ្នាំ ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប មានចំនួន ៦៣០ មានទំហំទុនវិនិយោគប្រមាណជាង ១០ ពាន់លានដុល្លារអាមេរិក កើនឡើង ៥២ ភាគរយ បើធៀបនិងឆ្នាំ២០២៤ ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៤៣ គម្រោង៕អត្ថបទ៖ សុន រ៉ាឌី
