អត្តពលិកជនពិការមកពីប្រទេសរុស្ស៊ី និងបេឡារុសចំនួន ១០ នាក់នឹងចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងានៅទីក្រុង Milano Cortina ខែក្រោយ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC)។
ប្រទេសទាំងពីរកន្លងមកមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតណាមួយរបស់ប៉ារ៉ាឡាំពិកឡើយ បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅឆ្នាំ ២០២២ តែក្រោយមកក៏ទទួលបានសិទ្ធិចូលរួមវិញក្រោយការបោះឆ្នោតគាំទ្រកាលពីខែកញ្ញាឆ្នាំ ២០២៥ ដើម្បីព្យួរការពិន័យនេះ។
រុស្ស៊ីនឹងមានអត្តពលិកពីររូបសម្រាប់ការប្រកួតវិញ្ញាសា Alpine Skiing ពីរនាក់នៅវិញ្ញាសា Para Cross-Country Skiing និងពីរនាក់ទៀតនៅវិញ្ញាសាជិះស្គីលើក្តាបន្ទះ ខណៈដែលបេឡារុសមានបួននាក់នៅវិញ្ញាសា Cross-Country។
ស្របពេលដែលអត្តពលិកទាំងអស់មានសិទ្ធិប្រកួតក្រោមទង់ជាតិរបស់ខ្លួន នៅព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងាខែក្រោយនោះ រុស្ស៊ី និងបេឡារុសមិនអាចប្រកួតក្រោមទង់ជាតិរបស់ខ្លួនឡើយ ដោយហេតុថាប្រទេសទាំងពីរនៅតែស្ថិតក្រោមការដាក់បម្រាមពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅឡើយ។
ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងា នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៥ ខែមីនាខាងមុខនេះដោយនឹងមានការចូលរួមពីអត្តពលិកជនពិការ ៦៦៥ នាក់មកពី ៥៥ ប្រទេសជុំវិញពិភពលោក ប្រកួតលើវិញ្ញាសាចំនួន ៧៩ នៃ ៦ ប្រភេទកីឡា៕ អត្ថបទ៖ នាង សុភាវុធ

