លោក Tarique Rahman មេដឹកនាំគណបក្សជាតិនិយមបង់ក្លាដែស (BNP) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ១៧កុម្ភៈ សប្ដាហ៍នេះ ដែលបានធ្វើឲ្យមានការផ្លាស់ប្តូរនយោបាយដ៏សំខាន់នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ បន្ទាប់ពីភាពចលាចលពេញប្រទេស។

លោក Rahman វ័យ ៦០ ឆ្នាំ ជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Khaleda Zia និងលោកលោកប្រធានាធិបតី Ziaur Rahman ដែលលោកត្រូវបានធ្វើឃាតនៅថ្ងៃ៣០ខែឧសភា១៩៨១ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីគណបក្សរបស់លោកទទួលបានជ័យជម្នះយ៉ាងធំធេងក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១២ខែកុម្ភៈ២០២៦នេះ។
លោកប្រឈមនឹងបញ្ហាប្រឈមបន្ទាន់ជាច្រើន រួមទាំងការស្តារស្ថិរភាពនយោបាយ ការកសាងទំនុកចិត្តរបស់វិនិយោគិនឡើងវិញ និងការរស់ឡើងវិញនូវឧស្សាហកម្មសំខាន់ៗដូចជាវិស័យកាត់ដេរ ជាដើម បន្ទាប់ពីភាពចលាចលបានកើតឡើង ក្រោយការបះបោរដឹកនាំដោយក្រុម Gen Z ដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ក្នុងឆ្នាំ ២០២៤។
រដ្ឋបាលបណ្ដោះអាសន្នដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលលោក Muhammad Yunus បានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលអន្តរកាលដែលនាំទៅដល់ការបោះឆ្នោតសកល។
ដោយខុសប្លែកពីប្រពៃណី ពិធីស្បថចូលកាន់តំណែងនេះបានធ្វើឡើងនៅកណ្ដាលទីធ្លា South Plaza នៃអគារសភាជាតិ ជំនួសឱ្យ Bangabhaban ដែលជាលំនៅដ្ឋានផ្លូវការរបស់ប្រធានាធិបតី។
គួររម្លឹកថាកាលពីឆ្នាំ ២០២៤ ការបះបោរដឹកនាំដោយក្រុមចលនានិស្សិតបានផ្តួលរំលំរដ្ឋាភិបាលរបស់ លោកស្រី Sheikh Hasina បន្ទាប់ពីការគ្រប់គ្រងរយៈពេល ១៥ ឆ្នាំ។លោកស្រីបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ជាកន្លែងដែលលោកស្រីនៅតែនិរទេសខ្លួន៕

