អង្គការមិនមែនរដ្ឋាភិបាលអ៊ីស្រាអែល បានលើកឡើងពីការព្រួយបារម្ភជុំវិញផែនការតាំងលំនៅឋានចុះហត្ថលេខាដោយរដ្ឋាភិបាល ដែលពួកគេនិយាយថានឹងជាការពង្រីកព្រំដែនទីក្រុងយេរូសាឡឹមលើកដំបូងចូលទៅក្នុងតំបន់កាន់កាប់ West Bank ចាប់តាំងពីឆ្នាំ១៩៦៧។ អ៊ីស្រាអែល បានកាន់កាប់ទីក្រុងយេរូសាឡឹមខាងកើតចាប់តាំងពីឆ្នាំ១៩៦៧ ហើយក្រោយមកបានដាក់បញ្ចូលជាឧបសម្ព័ន្ធ ជាចំណាត់ការមួយដែលមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។

ប្រជាជនប៉ាឡេស្ទីន បានចាត់ទុកទីក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីនៃរដ្ឋនាពេលអនាគតរបស់ពួកគេ។ សំណើ ដែលបានផ្សព្វផ្សាយកាលពីដើមខែកុម្ភៈ ប៉ុន្តែត្រូវបានរាយការណ៍តែប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ធ្វើឡើងខណៈកំហឹងជាអន្តរជាតិកើនឡើងលើចំណាត់ការនានាក្នុងគោលបំណងពង្រឹងការគ្រប់គ្រងរបស់អ៊ីស្រាអែលលើតំបន់ West Bank ។
ក្រុមអ្នករិះគន់និយាយថា សកម្មភាពធ្វើឡើងទាំងនេះដោយអាជ្ញាធរអ៊ីស្រាអែលមានបំណងដាក់បញ្ចូលឧបសម្ព័ន្ធដែនដីរបស់ប៉ាឡេស្ទីន។

ការអភិវឌ្ឍតាមផែនការ ដែលត្រូវបានប្រកាសដោយក្រសួងសំណង់និងលំនៅឋានរបស់អ៊ីស្រាអែល គឺជាការពង្រីកទៅភាគខាងលិចនៃការតាំងលំនៅឋានតំបន់ Geva Binyamin ឬ Adam ដែលមានទីតាំងនៅភាគឦសានទីក្រុងយេរូសាឡឹមក្នុងតំបន់ West Bank។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងបាននិយាយថា កិច្ចព្រមព្រៀងអភិវឌ្ឍន៍នេះរួមមានការសាងសង់លំនៅឋានប្រហែល២.៧៨០ខ្នង ដោយមានការវិនិយោគប្រហែល៣៨,៧លានដុល្លារអាមេរិក។