រដ្ឋមន្ត្រីការបរទេស លោក Gideon Saar នឹងតំណាងឱ្យអ៊ីស្រាអែលនៅក្នុងកិច្ចប្រជុំ «ក្រុមប្រឹក្សាសន្តិភាព» របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅសប្តាហ៍នេះក្នុងទីក្រុងវ៉ាស៊ីនតោន។ ទន្ទឹមនឹងនេះ ក្រុមហាម៉ាស បានអំពាវនាវដល់ក្រុមប្រឹក្សាដែលទើបបង្កើតថ្មីឱ្យដាក់សម្ពាធលើអ៊ីស្រាអែល បញ្ឈប់អ្វីដែលខ្លួនពណ៌នាថាជាការរំលោភបំពានបទឈប់បាញ់ដែលកំពុងបន្តនៅតំបន់ហ្កាហ្សា។

ក្រុមប្រឹក្សាសន្តិភាព ដែលលោក Trump ជាប្រធាន ដំបូងឡើយត្រូវបានរៀបចំដើម្បីតាមដានបទឈប់បាញ់នៅតំបន់ហ្កាហ្សានិងការកសាងឡើងវិញដែនដីនេះក្រោយពីសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ ប៉ុន្តែគោលបំណងរបស់វា បានប្រែក្លាយទៅជាការដោះស្រាយជម្លោះអន្តរជាតិគ្រប់ប្រភេទ បង្កឱ្យមានការព្រួយបារម្ភថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចង់បង្កើតគូប្រជែងជាមួយអង្គការសហប្រជាជាតិ។

ការិយាល័យរបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Saar នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កជាលើកដំបូងនៅថ្ងៃពុធនេះ និងនៅថ្ងៃព្រហស្បតិ៍ ដោយលោក «នឹងតំណាងឱ្យអ៊ីស្រាអែលនៅក្នុងសម័យប្រជុំបើកក្រុមប្រឹក្សា ដឹកនាំដោយលោក Trump នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ជាកន្លែងដែលលោកនឹងបង្ហាញជំហររបស់អ៊ីស្រាអែល»។
ដំបូងឡើយ ត្រូវបានគេរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu អាចនឹងចូលរួមការជួបប្រជុំនេះ ប៉ុន្តែការិយាល័យរបស់លោកបាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងមិនចូលរួមទេ។ មុនកិច្ចប្រជុំ អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បាននិយាយថា ចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីន បានជំរុញសមាជិកក្រុមប្រឹក្សា «ឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ខំឲ្យការកាន់កាប់របស់អ៊ីស្រាអែល បញ្ឈប់ការរំលោភបំពានរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា»។