យោធាសហរដ្ឋអាមេរិក បានប្រកាសថាខ្លួនបានវាយប្រហារបីលើកលើនាវាដែលត្រូវបានចោទប្រកាន់ថាជួញដូរគ្រឿងញៀននៅលើមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រការ៉ាអ៊ីប ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់។

ទីបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក ដែលត្រួតពិនិត្យសកម្មភាពយោធានៅអាមេរិកឡាទីន បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារចំនួនពីរលើកនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងមួយលើកនៅសមុទ្រការ៉ាអ៊ីប ជាផ្នែកមួយនៃយុទ្ធនាការដែលមានឈ្មោះថា Operation Southern Spear។ ការវាយប្រហារទាំងបីលើកនេះ ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃច័ន្ទ។
ទីបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារថា «ភេរវករគ្រឿងញៀន១១នាក់ត្រូវបានសម្លាប់ក្នុងអំឡុងសកម្មភាពទាំងនោះ ដោយ៤នាក់នៅលើនាវាទីមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ៤នាក់ទៀតនៅលើនាវាទីពីរនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើតដូចគ្នា និង៣នាក់នៅលើនាវាទីបីនៅសមុទ្រការ៉ាអ៊ីប»។

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានវាយប្រហារអ្វីដែលខ្លួននិយាយថាជានាវាជួញដូរគ្រឿងញៀននៅក្នុងដែនទឹកអាមេរិកខាងត្បូងចាប់តាំងពីថ្ងៃទី ២ ខែកញ្ញា ជាផ្នែកមួយនៃយុទ្ធនាការកាន់តែទូលំទូលាយប្រឆាំងក្រុមជួញដូរគ្រឿងញៀនក្នុងតំបន់។ ប៉ុន្តែអ្នកជំនាញច្បាប់ បានថ្កោលទោសយុទ្ធនាការនេះថាជាការសម្លាប់ក្រៅប្រព័ន្ធតុលាការជាបន្តបន្ទាប់។ មនុស្សយ៉ាងហោចណាស់១៤៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចាប់តាំងពីខែកញ្ញាមក។