អាជ្ញាធរតំបន់ Catalan បាននិយាយកាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈថា ទីភ្នាក់ងារអនុវត្តច្បាប់របស់ប្រទេសអេស្ប៉ាញគាំទ្រដោយភ្នាក់ងារគយប្រទេសបារាំង បានរុះរើក្រុមឧក្រិដ្ឋជនមួយក្រុម និងបានរឹបអូសយកអ្វីដែលនគរបាលនិយាយថាជារោងចក្រផលិតទឹកអប់ក្លែងក្លាយធំបំផុតនៅអឺរ៉ុប។

រដ្ឋាភិបាលតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងប្រតិបត្តិការរួមគ្នា នគរបាលតំបន់ Catalan និងទីភ្នាក់ងារគយប្រទេសអេស្ប៉ាញ និងបារាំង បានរឹបអូសយកសម្ភារៈដែលមានតម្លៃជាង៩៤ លានអឺរ៉ូ (១១១លានដុល្លារ)។
រដ្ឋាភិបាលតំបន់បាននិយាយថា មនុស្ស៧នាក់ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្ម ការរត់ពន្ធ និងបទល្មើសទាក់ទងនឹងការរំលោភលើប៉ាតង់ ហើយឃ្លាំងពីរកន្លែងដែលរក្សាទុកទឹកអប់ក្លែងក្លាយសរុបចំនួន១,២លានដបត្រូវបានរឹបអូស។

រដ្ឋាភិបាលតំបន់បាននិយាយថា អង្គការឧក្រិដ្ឋកម្មនេះបានបង្កើតក្លិនក្រអូបដើម្បីយកតាមផលិតផលរបស់ម៉ាកទឹកអប់ជាង៥០ប្រភេទ និងរក្សាទុកវត្ថុធាតុដើមដើម្បីផលិតក្លិនទឹកអប់ផ្សេងៗគ្នាចំនួន១៥០.០០០លីត្រ និងបានដឹកជញ្ជូនទឹកអប់ក្លែងក្លាយក្នុងបរិមាណយ៉ាងច្រើនតាមផ្លូវគោកទៅកាន់តំបន់ផ្សេងទៀតនៅទ្វីបអឺរ៉ុប។
អាជ្ញាធរនិយាយថា ការស៊ើបអង្កេតនៅតែបើកចំហ ហើយការចាប់ខ្លួនមនុស្សបន្ថែមទៀតអាចត្រូវបានធ្វើឡើង។