យោងតាមការស្ទង់មតិថ្មីមួយរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos បានបង្ហាញថា អត្រាគាំទ្ររបស់សាធារណអាមេរិក ចំពោះគោលនយោបាយអន្តោប្រវេសន៍របស់លោកប្រធានាធិបតី Donald Trump បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោកបានវិលត្រឡប់មកកាន់សេតវិមានវិញ ស្របពេលមានសញ្ញាថា លោកកំពុងបាត់បង់ការគាំទ្រក្នុងចំណោមបុរសអាមេរិកលើបញ្ហានេះ។

មានអ្នកឆ្លើយសំណួរត្រឹមតែ ៣៨% ប៉ុណ្ណោះក្នុងការស្ទង់មតិរយៈពេល ៤ថ្ងៃ ដែលបិទនៅថ្ងៃចន្ទ (១៦ កុម្ភៈ) សប្ដាហ៍នេះ ដែលបាននិយាយថា លោក Trump កំពុងចាត់វិធានការបានល្អលើបញ្ហាអន្តោប្រវេសន៍ ដែលជាបញ្ហាអាទិភាពសម្រាប់រដ្ឋបាល។ អត្រាគាំទ្រនេះបានធ្លាក់ចុះពីកម្រិត ៣៩% នៅក្នុងការស្ទង់មតិរបស់ Reuters/Ipsos ក្នុងខែមករា ហើកម្រិតគាំទ្រខ្ពស់បំផុតលើបញ្ហានេះគឺ ៥០% ក្នុងរយៈពេលប៉ុន្មានខែដំបូង បន្ទាប់ពីលោក Trump បានវិលត្រឡប់មកកាន់អំណាចវិញ។
លោក Trump បានធ្វើយុទ្ធនាការបោះឆ្នោតនៅឆ្នាំ២០២៤ ដោយសន្យាថា នឹងបើកការនិរទេសដ៏ធំបំផុតក្នុងពេលជាច្រើនទសវត្សរ៍ ហើយបានបញ្ជាឱ្យមានការឆ្មក់បង្រ្កាបអន្តោប្រវេសន៍យ៉ាងទូលំទូលាយ ភ្លាមៗបន្ទាប់ពីលោកឡើងកាន់តំណែងវិញនៅខែមករា ឆ្នាំ២០២៥។ ភ្នាក់ងារអនុវត្តច្បាប់ដែលពាក់ម៉ាស់ខ្មៅក្នុងឈុតយុទ្ធសាស្ត្រ ឥឡូវនេះគឺជារឿងធម្មតាទៅហើយនៅអាមេរិក ហើយភ្នាក់ងារអន្តោប្រវេសន៍ទាំងនោះ ក៏បានប៉ះទង្គិចគ្នាយ៉ាងហិង្សាជាមួយក្រុមបាតុករ និងសកម្មជនអាមេរិកផងដែរ។

ការស្ទង់មតិចុងក្រោយបំផុតរបស់ Reuters/Ipsos បង្ហាញថា ការគាំទ្រចំពោះចំណាត់ការអន្តោប្រវេសន៍របស់លោក Trump បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងចំណោមបុរសជនជាតិអាមេរិក ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បើធៀបនឹងចុងឆ្នាំមុន។ ម្ចាស់ឆ្នោតជាបុរស បានដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះបោះឆ្នោតរបស់លោក Trump នៅឆ្នាំ២០២៤ ហើយពេញមួយឆ្នាំ២០២៥ អត្រាគាំទ្រលើអន្តោប្រវេសន៍របស់លោក ក្នុងចំណោមបុរស នៅតែមានជិត ៥០% ប៉ុន្តែការស្ទង់មតិចុងក្រោយបំផុតរបស់ Reuters/Ipsos បានបង្ហាញថា មានអត្រាបុរស ៤១% ប៉ុណ្ណោះដែលគាំទ្រលោកលើបញ្ហានេះ៕
