អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា អ៊ីរ៉ង់ បានបរាជ័យក្នុងការទទួលស្គាល់នូវការទាមទារស្នូលរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចចរចានុយក្លេអ៊ែរកាលពីថ្ងៃអង្គារ (១៧ កុម្ភៈ) ហើយបន្ទាប់ពីនោះ ទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួនព្រមទុកពេលឱ្យទីក្រុងតេអេរ៉ង់ ចំនួនពីរសប្តាហ៍ដើម្បីបិទគម្លាតរវាងភាគីទាំងពីរ នៅក្នុងការព្រមានដ៏ជាក់ស្ដែង បើទោះបីជាមានវឌ្ឍនភាពខ្លះត្រូវបានរាយការណ៍ ក្នុងកិច្ចចរចាចុងក្រោយបំផុតនេះក៏ដោយ។

នៅមុនកិច្ចចរចានៅប្រទេសស្វីស អ៊ីរ៉ង់បង្ហាញសញ្ញាថា ខ្លួនមានឆន្ទៈក្នុងការសម្របសម្រួល ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន រួមទាំងការផ្លាស់ប្តូរអ៊ុយរ៉ានីញ៉ូមចេញពីកម្រិតជិតដល់អាវុធរបស់ខ្លួន នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។

ប៉ុន្តែលោក Vance បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា លោកស្ដាប់សេចក្ដីសង្ខេបពីកិច្ចពិភាក្សា ហើយតាមរយៈនោះ គឺបញ្ជាក់ច្បាស់ថា ភាគីអ៊ីរ៉ង់មិនទាន់សម្រេចនូវការឆ្ពោះទៅមុខណាមួយទេ ដោយបន្ថែមថា សកម្មភាពយោធានៅតែជាជម្រើសមួយក្នុងចំណោមជម្រើសទាំងអស់ដែលមានលើតុពិភាក្សា។ គួរឱ្យដឹងថា អាមេរិកទាមទារឱ្យអ៊ីរ៉ង់ បញ្ចប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលជាចំណុចសំខាន់មួយនៃការងារនុយក្លេអ៊ែររបស់ខ្លួន និងជាអ្វីដែលសេតវិមានខ្លាចថា នឹងផ្តល់ឱ្យអ៊ីរ៉ង់នូវសមត្ថភាពក្នុងការសាងសង់អាវុធនុយក្លេអ៊ែរ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និយាយថា កិច្ចចរចាថ្ងៃអង្គារនេះ ប្រកបដោយខ្លឹមសារ ហើយភាគីទាំងពីរនៅទីក្រុងហ្សឺណែវ បានបង្ហាញបំណងបង្កើតកិច្ចព្រមព្រៀង។ លោកនិយាយថា អ៊ីរ៉ង់ និងអាមេរិកបានយល់ព្រមផ្លាស់ប្តូរសេចក្ដីព្រាងដើម្បីបង្កើតក្របខណ្ឌសម្រាប់កិច្ចព្រមព្រៀង មុនពេលកំណត់កាលបរិច្ឆេទសម្រាប់ការចរចាថ្មី។ យ៉ាងណាក៏ដោយ មន្ត្រីអាមេរិកមួយរូបបានផ្តល់ការសង្ខេបដោយប្រុងប្រយ័ត្នជាងនេះ ជុំវិញកិច្ចចរចាដ៏តានតឹងកាលពីថ្ងៃអង្គារ។ មន្ត្រីរូបនេះបាននិយាយថា អ៊ីរ៉ង់បានយល់ព្រមបង្ហាញសំណើព្រាងមួយក្នុងរយៈពេល ២សប្តាហ៍ «ដើម្បីដោះស្រាយចន្លោះប្រហោងមួយចំនួននៅក្នុងជំហររបស់សហរដ្ឋអាមេរិក»៕