មេដឹកនាំអ៊ុយក្រែន លោក Vlodimir Zelenskyy បាននិយាយថា លោកបានជំរុញក្រុមអ្នកចរចាអាមេរិក កុំឲ្យដាក់សម្ពាធលើរូបលោក ក្នុងការធ្វើសម្បទានដល់រុស្ស៊ី។ លោកបានលើកឡើងបែបនេះ បន្ទាប់ពីកិច្ចចរចាត្រីភាគី លើកទី៣កាលពីថ្ងៃអង្គារ១៧កុម្ភៈនៅទីក្រុងហ្សឺណែវ។

ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសារព័ត៌មាន Axios លោក Zelenskyy បាននិយាយថា លោកបានស្នើសុំឱ្យបេសកជនពិសេសលោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Jared Kushner កុំបង្ខំរូបលោកឱ្យទទួលយកអ្វីដែលប្រជាជនអ៊ុយក្រែនមើលឃើញថាជា "រឿងមិនជោគជ័យ"។ លោកក៏បានអះអាងផងដែរថា ដើម្បីសន្តិភាពយូរអង្វែង លោក Trump មិនគួរ "ផ្តល់ជ័យជម្នះ" ដល់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ឡើយ។
លោក Zelenskyy បានរិះគន់លោក Trump ចំពោះការជំរុញឱ្យអ៊ុយក្រែនធ្វើសម្បទាន។ លោកបានបដិសេធម្តងទៀតនូវការទាមទារដ៏សំខាន់មួយរបស់រុស្ស៊ី ឱ្យអ៊ុយក្រែនបោះបង់ចោលការទាមទាររបស់ខ្លួនចំពោះតំបន់ថ្មីទាំងប្រាំរបស់រុស្ស៊ី រួមទាំង Donbass និង Crimea ហើយដកកងទ័ពរបស់ខ្លួនចេញពីផ្នែកខ្លះនៃតំបន់ Donbass ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ លោកបានអះអាងថា សាធារណជនអ៊ុយក្រែននឹងបដិសេធការប្រគល់ទឹកដី ប្រសិនបើបញ្ហានេះត្រូវបានដាក់ជូនទៅធ្វើប្រជាមតិ។
លោក Zelenskyy បានបន្ថែមថា លោកបានណែនាំក្រុមការងាររបស់លោកឱ្យលើកឡើងពីលទ្ធភាពនៃការជួបជាមួយលោក Putin។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ធ្លាប់បាននិយាយថា លោក Putin បើកចំហចំពោះកិច្ចប្រជុំទល់មុខគ្នា ប៉ុន្តែមានតែនៅដំណាក់កាលចុងក្រោយនៃការចរចាប៉ុណ្ណោះ៕

