
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប ដែលបានសាងសង់រួចរាល់ជាស្ថាពរ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។
មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏ សំខាន់ផងដែរ។
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ៖
- សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីប្រកាសថា មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមៈ កាន់តែធ្វើទំនើបកម្ម ដោយមានសមត្ថភា ពពិនិត្យ និងព្យាបាលជំងឺកូងីកម្រិតធ្ងន់ៗ ក្នុងនោះមានការវះកាត់ផ្លាស់ប្តូរក្រលៀន និងប្តូរថ្លើមផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការទំនើបកម្មមន្ទីរពេទ្យនៅកម្ពុជា កាន់តែល្អប្រសើរ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការចេញដំណើរទៅរកសេវាកម្មពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេស។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រុមគ្រូពេទ្យកម្ពុជាត្រូវបានផ្តល់រហស្សនាម ជាកងទ័ពអាវស ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលមានជំងឺ ដែលសម្តេចចាត់ទុកជារឿងសំខាន់ ហើយគ្រូពេទ្យក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឯងជានិច្ចដរាបផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាទទួលបានទទួលជ័យជំនះលើសមរភូមិជាច្រើនប្រឆាំងនឹងកូវីដ-១៩ប្រភេទ ក្នុងនោះមានសមរភូមិ អាល់ហ្វា និងឌែលតាជាដើម តែកម្ពុជានៅមិនទាន់អាចយកឈ្នះសង្គ្រាមប្រឆាំងនឹងកូវីដ-១៩ទាំងស្រុងនៅឡើយទេ ដែលទាមទារអោយយើងត្រូវបន្តប្រយុទ្ធប្រឆាំងជាបន្តទៅទៀត។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមានវ៉ាក់សាំងច្រើនណាស់ ដែលបម្រុងទុកនៅក្នុងឃ្លាំងរក្សាទុក និងការបញ្ជាទិញជាបន្តបន្ទាប់ ព្រមទាំងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ផងដែរ ដើម្បីប្រើប្រាស់សម្រាប់គាំពារសុខុមាលភាពប្រជាពលរដ្ឋប្រឆាំងនឹងកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការបង្កើតសមិទ្ធផលនានាសម្រាប់ជាតិ និងប្រជាជន ជារឿងងាយស្រួលនោះទេ អ្វីដែលយើងបារម្ភ គឺការរក្សានិរន្តរភាពសម្រាប់ការរក្សា ការពារសមិទ្ធផលទាំងនោះទៅវិញទេ ក្នុងនោះក៏មានកៀរគរថវិកា សម្រាប់គាំពារដំណើរមន្ទីរពេទ្យជារឿងចាំបាច់ ដែលទាមទារអោយយើងគិតគូរអោយបានដិតដល់។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ុយក្រែន សូមបបន្តរស់នៅទីនោះ រួមសុខ រួមទុក្ខ ជាមួយប្រជាជនអ៊ុយក្រែន។ សម្តេចបញ្ជាក់ថា ប្រជាជនអ៊ុយក្រែនរស់នៅយ៉ាងម៉េច សូមរស់នៅរបៀបនោះ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចបានប្រើថ្នាំបុរាណចិន សម្រាប់ការត្រៀមបង្ការព្យាបាលជំងឺកូវីដ-១៩ រួមទាំងប្រជាពលរដ្ឋកម្ពុជា ក្នុងដំណាក់កាលដ៏លំបាក ហើយថ្នាំចិននេះ ក៏ប្រើប្រាស់បានយ៉ាងទូលំទូលាយទូទាំងពិពិភពលោក ជាពិសេសនៅមជ្ឃឹមបូព៌ា។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជ័យជំនះលើសមរភូមិប្រឆាំងកូវីដ-១៩របស់កម្ពុជា គឺការប្រើប្រាស់វ៉ាក់សាំង ហើយការប្រើប្រាស់វ៉ាក់សាំងនេះ ត្រូវបានគិតគូរយ៉ាងខ្លាំង ដោយត្រូវចាក់ស្រោចនៅកន្លែងដែលមានកម្រិតឆ្លងខ្ពស់បំផុត ដែលកាលនោះមាននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលជាដើម។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសអោយមានការចូលឆ្នាំថ្មី ប្រពៃណីជាតិ អោយខានតែបាន និងអំពាវនាវដល់ប្រជាពលរដ្ឋកម្សាន្តសប្បាយទាំងអស់គ្នា។
សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ៨ និង៤៩នាទី