រដ្ឋមន្ត្រីការបរទេសហ្ស៊កហ្ស៊ី លោកស្រី Maka Botchorishvili បាននិយាយកាលពីថ្ងៃអង្គារថា មូលនិធិដែលបានបញ្ជូនតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) និងមូលនិធិអន្តរជាតិផ្សេងទៀត ត្រូវបានប្រើប្រាស់ដើម្បីគាំទ្រក្រុមនយោបាយដែលពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឲ្យប្រទេសនេះ អស្ថិរភាព។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Imedi News។

លោកស្រី Botchorishvili បាននិយាយថា ការគាំទ្របែបនេះរួមមានអ្វីដែលលោកស្រីពិពណ៌នាថា ជាការផ្តល់ហិរញ្ញប្បទានដល់ «បដិវត្តន៍» និងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូររដ្ឋាភិបាលតាមរយៈមធ្យោបាយខុសច្បាប់។
លោកស្រីបានបន្ថែមថា៖«នេះគឺជាអ្វីដែលរដ្ឋាភិបាលហ្ស៊កហ្ស៊ី កំពុងប្រយុទ្ធប្រឆាំង ហើយបន្តប្រយុទ្ធ។ ការគាំទ្របែបនេះ គឺមិនអាចទទួលយកបានសម្រាប់យើងទេ ហើយផ្ទុយនឹងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ»។

ការអត្ថាធិប្បាយរបស់លោកស្រី បានធ្វើឡើង បន្ទាប់ពីការលើកឡើងរបស់លោក Mike Benz អតីតមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលកាលពីថ្ងៃចន្ទបានសំដៅទៅលើការតវ៉ាដ៏ធំ នៅក្នុងប្រទេស ហ្ស៊កហ្ស៊ី ក្នុងខែឧសភា ឆ្នាំ ២០២៤ ប្រឆាំងនឹងច្បាប់តម្លាភាពឥទ្ធិពលបរទេស ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានអនុវត្តស្តង់ដាពីរចំពោះប្រទេសដែលអនុម័តច្បាប់ស្រដៀងគ្នាទៅនឹងច្បាប់ចុះបញ្ជីភ្នាក់ងារបរទេសរបស់សហរដ្ឋអាមេរិក។
លោក Benz បានបង្ហាញថា បុគ្គលដែលចូលរួមក្នុងបាតុកម្មឆ្នាំ ២០២៤ ត្រូវបានផ្តល់មូលនិធិ ក្រោមរដ្ឋ បាលសហរដ្ឋអាមេរិកមុន តាមរយៈរចនាសម្ព័ន្ធដូចជា USAID ៕