អាជ្ញាធរបាននិយាយថា អ្នកជិះស្គីប្រហែល ១០ នាក់បានបាត់ខ្លួន និងយ៉ាងហោចណាស់ ៦ នាក់ផ្សេងទៀតកំពុងជាប់គាំង និងកំពុងរង់ចាំការជួយសង្គ្រោះនៅក្នុងព្រិលធ្លាក់យ៉ាងក្រាស់ឃ្មឹក បន្ទាប់ពីហេតុការណ៍បំណាក់ផ្ទាំងព្រិលដ៏ធំបានវាយប្រហារនៅជម្រាលភ្នំ Sierra Nevada រដ្ឋ California កាលពីថ្ងៃអង្គារ (១៧ កុម្ភៈ)។

រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីគ្រោះថ្នាក់នេះកើតឡើងហើយផ្លូវហាយវេក្បែរនោះត្រូវបានបិទដោយសារតែកម្រិតនៃភាពមើលឃើញស្មើសូន្យដោយសារព្យុះរដូវរងា អ្នកនាំពាក្យរបស់ការិយាល័យនគរបាលតំបន់ Nevada លោក Russell Greene បាននិយាយថា ក្រុមជួយសង្គ្រោះមិនទាន់បានទៅដល់កន្លែងហេតុការណ៍បាក់ផ្ទាំងព្រិលនោះនៅឡើយទេ។

យោងតាមសេចក្តីថ្លែងការណ៍លើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះដោយការិយាល័យនគរបាល Nevada បានឱ្យដឹងថា ព្រិលដ៏ខ្លាំងក្លាបានធ្លាក់ពាសពេញតំបន់ Castle Peak នៃទីក្រុង Truckee រដ្ឋ California នៅភាគខាងជើងនៃបឹង Tahoe វេលាម៉ោងក្នុងស្រុកប្រហែល ១១:៣០ នាទីព្រឹក ដោយបានគ្របសង្កត់ក្រុមអ្នកជិះស្គីទាំងអស់ចំនួន ១៦ នាក់។ ក្រុមនេះមានមគ្គុទ្ទេសក៍ជិះស្គីចំនួន ៤នាក់ និងភ្ញៀវដែលជាអ្នកជិះស្គីចំនួន ១២នាក់។
សេចក្តីថ្លែងការណ៍បាននិយាយថា យ៉ាងហោចណាស់មានអ្នកនៅរស់រានមានជីវិតចំនួន ៦នាក់ ហើយនៅតែស្ថិតនៅទីតាំងបំណាក់ផ្ទាំងព្រិលនោះ រង់ចាំការជួយសង្គ្រោះ ខណៈដែលអ្នកផ្សេងទៀតមិនទាន់រកឃើញនៅឡើយទេ។ ទិន្នន័យបានបង្ហាញថា ហេតុការណ៍បំណាក់ផ្ទាំងព្រិលបែបនេះបានឆក់យកជីវិតមនុស្សជាមធ្យម ២៧ នាក់ក្នុងរដូវរងានីមួយៗនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ៕