អ៊ុយក្រែន៖ ប្រធានទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិនិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ១០លាននាក់ ជាង ១ភាគ៤ នៃចំនួនប្រជាជនសរុបពេលនេះបានរត់ភៀសខ្លួន ចេញពីលំនៅឋានរបស់ពួកគេក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីការចូលលុកលុយរបស់រុស្ស៊ី។

ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បាននិយាយថា មនុស្សជិត ៣.៤លាននាក់នៃប្រជាជនសរុបដែលបានរត់ភៀសខ្លួនចូលទៅក្នុងបណ្ដាប្រទេសជិតខាង ភាគច្រើនចូលទៅព្រំដែនប្រទេសប៉ូឡូញ។ ប្រធានទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិលោក Filippo Grandi បាននិយាយដោយសំដៅដល់ប្រទេសរុស្ស៊ីថា ក្នុងចំណោមទំនួលខុសត្រូវទាំងឡាយរបស់អ្នក ដែលបង្កសង្គ្រាមនៅគ្រប់ទីកន្លែងក្នុងពិភពលោកកំពុងធ្វើបាបជនស៊ីវិល ដែលត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ពួកគេ។

លោកថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនធ្ងន់ធ្ងរណាស់ដែលបានបង្ខំឲ្យប្រជាជន ១០លាននាក់រត់ភៀសខ្លួនទាំងនៅក្នុងប្រទេស ឬទាំងក្លាយជាជនភៀសខ្លួននៅបរទេស។ ទីភ្នាក់ងារជនភៀសខ្លួន UNHCR ខាងលើបាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិអ៊ុយក្រែនចំនួន ៣,៣៨៩,០៤៤នាក់បានរត់ភៀសខ្លួនឆ្លងព្រំដែនចេញពីប្រទេសរបស់ខ្លួន ចាប់តាំងពីរុស្ស៊ីវាយប្រហារកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕
អត្ថបទ៖ សុខមាន