ប្រទេសជាង ៨០ និងអង្គការអន្តរជាតិជាច្រើន កាលពីថ្ងៃអង្គារ បានថ្កោលទោសចំព៉ោះអ្វីដែលពួកគេបានពិពណ៌នាថា ជាការសម្រេចចិត្តឯកតោភាគី និងវិធានការដែលធ្វើឡើងដោយអាជ្ញាធរអ៊ីស្រាអែល ដោយមានគោលបំណងពង្រីកវត្តមាន «ខុសច្បាប់» របស់ពួកគេ នៅក្នុងតំបន់វេសបែង ( West Bank)។

ដោយត្រូវបានប្រមូលផ្តុំព័ទ្ធជុំវិញដោយអ្នកតំណាងជាង ៨០នាក់ មកពីប្រទេស និងក្រុមនានា លោក Riyad Mansour អ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃរដ្ឋប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ បានអានសេចក្តីថ្លែងការណ៍រួមមួយ ដែលពួកគេបាននិយាយថា៖ «ការសម្រេចចិត្តបែបនេះ គឺផ្ទុយនឹងកាតព្វកិច្ចរបស់អ៊ីស្រាអែលក្រោមច្បាប់អន្តរជាតិ ហើយត្រូវតែបដិសេធភ្លាមៗ»។

នៅក្នុងខែនេះ អ៊ីស្រាអែលបានអនុម័តវិធានការថ្មីៗសំខាន់ៗ ដែលរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន នៅតំបន់វេសបែង ដោយផ្តោតជាពិសេសលើការពន្លឿនដំណើរការនៃការចុះបញ្ជីដីធ្លីនៅក្នុងតំបន់មួយនៃទឹកដីដែលគេស្គាល់ថា ជាតំបន់ C ជា «ទ្រព្យសម្បត្តិរដ្ឋ»។
ចំណាត់ការថ្មីៗ ដែលអ្នករិះគន់និយាយថា គឺជាការបញ្ចូលទឹកដីជាក់ស្តែង រួមមានការធ្វើឲ្យប៉ុស្តិ៍ត្រួតពិនិត្យស្របច្បាប់ ការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល ការអនុញ្ញាតឲ្យទិញដីដោយផ្ទាល់ដោយអ្នកតាំងលំនៅ និងការដកចេញនូវការត្រួតពិនិត្យលើប្រតិបត្តិការបែបនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ ប្រទេស និងអង្គការនានា បានសង្កត់ធ្ងន់លើ «ការប្រឆាំងដាច់ខាត ចំពោះទម្រង់ណាមួយនៃការបញ្ចូលទឹកដីរបស់តំបន់វេសបែង ជាឧបសម្ព័ន្ធរបស់អ៊ីស្រាអែល»៕