នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រកាសកាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈថា មានផែនការបង្កើនបរិមាណសព្វាវុធយ៉ាងច្រើនដែលប្រទេសកាណាដា ទិញពីក្រុមហ៊ុនក្នុងស្រុក។

បច្ចុប្បន្ន ប្រទេសកាណាដា ចំណាយ ៧០% នៃថវិកាសម្រាប់សព្វាវុធរបស់ខ្លួនលើផលិតផលរបស់សហរដ្ឋអាមេរិក ជាតួលេខដែលនាយករដ្ឋមន្ត្រី លោក Mark Carney និយាយថាខ្ពស់ខ្លាំង។
អង្គភាពយុទ្ធសាស្ត្រការពារជាតិ និយាយថា ខ្លួនចង់ឱ្យក្រុមហ៊ុនរបស់ប្រទេសកាណាដា ឈានដល់កម្រិត៧០% នោះ ជំនួសវិញ។
លោក Carney បានថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារថា «ជារួម មួយទសវត្សរ៍ខាងមុខនេះ ប្រទេសកាណាដា នឹងវិនិយោគដោយផ្ទាល់ទឹកប្រាក់១៨០ពាន់លានដុល្លារលើការផ្គត់ផ្គង់វិស័យការពារជាតិ ហើយ២៩០ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងសន្តិសុខការពារជាតិ និងបង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចបន្ថែមជាង១២៥ពាន់លានដុល្លារ»។
លោក Carney បាននិយាយថា យុទ្ធសាស្ត្រដែលផ្តោតសំខាន់នៅក្នុងស្រុក មានបំណងពង្រឹងអធិបតេយ្យភាព ប៉ុន្តែពុំមែនឈានទៅរកភាពឯកោនោះទេ។ លោកនិយាយថា «យុទ្ធសាស្ត្រនេះ គឺនិយាយអំពីការការពារដែនអធិបតេយ្យភាពរបស់ប្រទេសកាណាដា ក្នុងន័យពេញលេញបំផុត។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត បានត្អូញត្អែរជាយូរមកហើយអំពីអ្វីដែលពួកគេមើលឃើញថាជាការចំណាយលើវិស័យការពារជាតិតិចតួចរបស់ប្រទេសកាណាដា។ កាលពីខែមិថុនា ឆ្នាំមុន ទីក្រុងអូតាវ៉ា បានសន្យាថានឹងបង្កើនថវិកាសម្រាប់កងកម្លាំងប្រដាប់អាវុធ និងឈានដល់គោលដៅចំណាយផ្នែកយោធា២% របស់សម្ព័ន្ធយោធាណាតូនៅក្នុងឆ្នាំសារពើពន្ធ ២០២៥/២៦។