កាលពីថ្ងៃអង្គារ (១៧ កុម្ភៈ) សប្ដាហ៍នេះ ប្រធានាធិបតីអាមេរិក Donald Trump បានចាត់តាំងប្រសិតសំណព្វចិត្តរបស់លោក ឱ្យសម្របសម្រួលកិច្ចចរចាដាច់ដោយឡែកចំនួនពីរ ដែលទីមួយគឺជាបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងទីពីរស្ដីពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ក្នុងថ្ងៃតែមួយនៅទីក្រុងហ្សឺណែវ ដែលជំហាននេះ ធ្វើឱ្យមនុស្សជាច្រើនក្នុងពិភពគោលនយោបាយការបរទេស មានភាពងឿងឆ្ងល់។

ក្រុមអ្នកជំនាញនិយាយ វិធីសាស្រ្តការទូតបែបបញ្ជូនសារកាលពីថ្ងៃអង្គារ ដោយប្រេសិតពិសេសរបស់អាមេរិក គឺលោក Steve Witkoff និងកូនប្រសារលោក Trump គឺលោក Jared Kushner បានលើកឡើងនូវសំណួរជាច្រើន មិនត្រឹមតែអំពីថា តើពួកគេមានភាពតានតឹងខ្លាំងប៉ុនណានិងភាគីណាមានប្រៀបជាងនោះទេ ប៉ុន្តែចំណុចសំខាន់គឺស្ដីពីចក្ខុវិស័យដ៏ម៉ឺងម៉ាត់របស់មន្រ្តីជាន់ខ្ពស់អាមេរិកទាំងនេះ សម្រាប់ការដោះស្រាយវិបត្តិពីរក្នុងពេលតែមួយ។
លោក Trump ដែលលើកពីការបញ្ចប់សង្គ្រាមនិងជម្លោះជាច្រើនក្នុងឆ្នាំដំបូងនៃអាណត្តិ ៤ឆ្នាំលើកទីពីររបស់លោក បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់សម្របសម្រួលកិច្ចព្រមព្រៀងអន្តរជាតិបន្ថែមទៀត។ ប៉ុន្តែការចរចាលើបញ្ហារយៈពេលវែងទាំងពីរនេះ ត្រូវបានរៀបចំយ៉ាងប្រញាប់ប្រញាល់ ហើយការជ្រើសរើសទីក្រុងហ្សឺណែវជាទីតាំងជំនួប ក៏ជារឿងភ្លាមៗផងដែរ ខណៈចំណុចល្អរបស់ទីក្រុងនេះគឺជាប្រវត្តិដ៏យូរអង្វែងរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការទូតអន្តរជាតិ។
អ្នកជំនាញមកពីវិទ្យាស្ថានមួយនៅអាមេរិក បាននិយាយថា៖ «លោក Trump ហាក់ដូចជាផ្តោតលើបរិមាណ ច្រើនជាងគុណភាព ហើយការដោះស្រាយបញ្ហាទាំងពីរក្នុងពេលតែមួយនៅកន្លែងតែមួយ មិនសូវសមហេតុផលសោះ»។ មន្ត្រីមួយរូបដែលស្និទ្ធនឹងថ្នាក់ដឹកនាំអ៊ីរ៉ង់ បាននិយាយថា របៀបវារៈចំនួនពីរ របស់ក្រុមមន្រ្តីអាមេរិក នៅទីក្រុងហ្សឺណែវ នាំឱ្យមានការសង្ស័យថា តើទីក្រុងវ៉ាស៊ីនតោនមានភាពស្មោះត្រង់ចំពោះកិច្ចប្រឹងប្រែងការទូតទាំងពីរនេះដែរឬទេ។ អ្នកជំនាញមកពីមជ្ឈមណ្ឌលសិក្សាមជ្ឈិមបូព៌ា ក្នុងទីក្រុងបេរូត បាននិយាយថា មានហានិភ័យច្រើនពេកក្នុងវិបត្តិអ៊ីរ៉ង់ ដែលអាមេរិក មិនអាចចាត់ចែងការទូតតាមវិធីប្រញាប់ប្រញាល់នេះបានទេ៕


