ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ (ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា ខ្លួនបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក អំឡុងការចរចា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជុំវិញ «គោលការណ៍ណែនាំ» ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ដែលអាចបញ្ចៀសនូវជម្លោះ ប៉ុន្តែអនុប្រធានាធិបតី លោក JD Vance បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់មិនទាន់ទទួលស្គាល់បន្ទាត់ក្រហមទាំងអស់របស់ទីក្រុងវ៉ាស៊ីនតោននៅឡើយទេ។
ការចរចាសម្របសម្រួលដោយប្រទេសអូម៉ង់ មានគោលបំណងគេចឲ្យផុតពីលទ្ធភាពដែលអាចមានអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ពោលគឺប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋដែលដឹកនាំដោយមេដឹកនាំសាសនាមួយនេះ បានសម្លាប់មនុស្សរាប់ពាន់នាក់ នៅពេលដែលខ្លួនបានបង្ក្រាបបាតុកម្មទ្រង់ទ្រាយធំ។

បន្ទាប់ពីការចរចាកាលពីថ្ងៃទី១៧ ខែកុម្ភៈ ដែលលោកបានពិពណ៌នាថា «មានលក្ខណៈស្ថាបនា» ជាងការជួបគ្នានៅមុននេះ នាដើមខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់ទូរទស្សន៍រដ្ឋថា៖ «ទីបំផុត យើងអាចឈានដល់កិច្ចព្រមព្រៀងទូលំទូលាយ ជុំវិញសំណុំនៃគោលការណ៍ណែនាំផ្អែកលើគោលការណ៍ដែលយើងនឹងបន្តឆ្ពោះទៅមុខ ហើយចាប់ផ្តើមធ្វើការលើអត្ថបទនៃកិច្ចព្រមព្រៀងដែលអាចកើតមាន»។
នៅទីក្រុងវ៉ាស៊ីនតោនឯណោះវិញ លោក Vance ក៏ហាក់ដូចជាបង្ហាញផងដែរថា សហរដ្ឋអាមេរិកពេញចិត្តដំណើរការការទូតជាងប្រតិបត្តិការយោធា ប៉ុន្តែមិនបញ្ជាក់ឲ្យបានច្បាស់លាស់ឡើយ ដោយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News លោក Vance បានប្រាប់ថា៖ «តាមវិធីខ្លះ វាដំណើរការទៅបានយ៉ាងល្អប្រសើរ។ ពួកគេបានយល់ព្រមជួបគ្នានៅពេលក្រោយ»។ លោក Vance បានប្រាប់កម្មវិធីជជែករឿងរ៉ាវជាមួយ Martha MacCallum ថា៖ «ប៉ុន្តែតាមវិធីផ្សេងទៀត វាគឺច្បាស់ណាស់ថា ប្រធានាធិបតីបានកំណត់បន្ទាត់ក្រហមមួយចំនួនដែលអ៊ីរ៉ង់មិនទាន់មានឆន្ទៈទទួលស្គាល់ និងប្រឹងប្រែងដោះស្រាយនៅឡើយទេ»។
អ៊ីរ៉ង់បានទទូចថា ការចរចាត្រូវបានកំណត់ចំពោះតែបញ្ហានុយក្លេអ៊ែរប៉ុណ្ណោះ តែទីក្រុងវ៉ាស៊ីនតោននៅមុននេះ បានជំរុញឲ្យពិភាក្សាអំពីប្រធានបទផ្សេងទៀត ក្នុងនោះរួមទាំងកម្មវិធីមីស៊ីលបាលីស្ទិករបស់ទីក្រុងតេអេរ៉ង់ និងការគាំទ្រដល់ក្រុមប្រដាប់អាវុធនៅក្នុងតំបន់ផងដែរ៕
