ទាំងអ្នកចរចាអ៊ុយក្រែន និងរុស្ស៊ី នឹងបន្តកិច្ចចរចាសន្តិភាពជុំទី២ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃពុធ (ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦) តែភាគីទាំង២ មិនបានបង្ហាញនៅឡើយទេនូវសញ្ញា ដែលថា ពួកគេជិតដល់ការបញ្ចប់ជម្លោះបង្ហូរឈាមបំផុតរបស់អឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។
កិច្ចចរចានេះ គឺជាការប៉ុនប៉ងការទូតចុងក្រោយបង្អស់ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាដែលបានឆក់យកជីវិតមនុស្សរាប់សែននាក់ បង្ខំឲ្យមនុស្សរាប់លាននាក់ភៀសខ្លួន និងបំផ្លាញដោយភាគច្រើននៃតំបន់នៅភាគខាងកើត និងខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។

សហរដ្ឋអាមេរិកបានប្រឹងប្រែងជំរុញឲ្យបញ្ចប់សង្គ្រាមជិត ៤ឆ្នាំ ប៉ុន្តែបានបរាជ័យក្នុងការសម្របសម្រួលឲ្យមានការព្រមព្រៀងគ្នា រវាងទីក្រុងមូស្គូ និងទីក្រុងគីវ ជុំវិញបញ្ហាសំខាន់ ពាក់ព័ន្ធនឹងទឹកដី។ ហើយការចរចា ២ជុំមុន រវាងភាគីទាំង២ នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម មិនសម្រេចបាននូវវឌ្ឍនភាពណាមួយឡើយ។
ប្រភពមួយដែលជិតស្និទ្ធនឹងគណៈប្រតិភូរុស្ស៊ី បានប្រាប់សារព័ត៌មាន AFP ថា កិច្ចចរចាចុងក្រោយបង្អស់នេះ «មានភាពតានតឹងខ្លាំងណាស់»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ អ្នកចរចាមកពីអ៊ុយក្រែន និងរុស្ស៊ី បានបញ្ចប់កិច្ចចរចាសន្តិភាពថ្ងៃដំបូង ក្នុងចំណោមរយៈពេល ២ថ្ងៃដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ។ លោក Rustem Umerov ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចចរចានៅថ្ងៃនោះ បានផ្តោតលើ «បញ្ហាជាក់ស្តែង និងយន្តការនៃការសម្រេចចិត្តដែលអាចធ្វើបាន» តែមិនបានផ្តល់សេចក្ដីលម្អិតឡើយ៕

