អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃអង្គារ (ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) បានពិពណ៌នាអំពីការបិទខ្ទប់ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសហុងគ្រី ដែលជាសមាជិកសហភាពអឺរ៉ុប (EU) តាមរយៈទឹកដីអ៊ុយក្រែនថា ជា «ការគំរាមកំហែងដោយប្រើប្រាស់ថាមពល»។
ដោយធ្វើការអត្ថាធិប្បាយអំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងមូស្គូ ស្តីពីការរារាំងការបញ្ជូនតាមបំពង់បង្ហូរប្រេង Druzhba របស់អ៊ុយក្រែន ដែលរុស្ស៊ីផ្គត់ផ្គង់ប្រេងទៅហុងគ្រី និងស្លូវ៉ាគី លោក Peskov បាននិយាយថា រុស្ស៊ីនៅតែមានទំនាក់ទំនងជាមួយអ្នកទិញប្រេងរបស់ខ្លួន នៅតំបន់អឺរ៉ុប។

ហើយលោកបានបញ្ជាក់ថា៖ «ជាការពិតណាស់ ការគំរាមកំហែងថាមពលមួយចំនួនដោយអ៊ុយក្រែន ប្រឆាំងនឹងប្រទេសសមាជិកសហភាពអឺរ៉ុប គឺហុងគ្រី កំពុងកើតមានឡើង។ យើងកំពុងទាក់ទងជាមួយប្រទេសអ្នកទិញ ប៉ុន្តែស្ថានភាពនៅទីនេះ មានភាពស្មុគស្មាញដោយសារជំហររបស់អ៊ុយក្រែន»។
ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ុយក្រែន អាជ្ញាធរនៅទីក្រុង Budapest និង Bratislava បានទាក់ទងប្រទេសក្រូអាត ដោយស្នើសុំអនុញ្ញាតឲ្យមានការបញ្ជូនប្រេងរបស់រុស្ស៊ីឆ្លងកាត់តាមរយៈបំពង់បង្ហូរ Adriatic។
តែយ៉ាងក្ដី លោក Peskov បានពិពណ៌នាអំពីបញ្ហាជាមួយនឹងការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី និងលទ្ធភាពនៃការបញ្ជូនប្រេង តាមរយៈទឹកដីក្រូអាតថា ជា «បញ្ហាសាជីវកម្ម» ដែលកំពុងត្រូវបានពិភាក្សានៅកម្រិតក្រុមហ៊ុន។ លោកបានកត់សម្គាល់ថា៖ «ជាការពិតណាស់ ទាំងនេះគឺជាបញ្ហាដែលត្រូវបានពិភាក្សានៅកម្រិតសាជីវកម្មដោយក្រុមហ៊ុនដែលផ្គត់ផ្គង់ និងមានកាតព្វកិច្ចតាមកិច្ចសន្យា»៕
