លោកស្រី Sanae Takaichi ដែលជាប្រធានគណបក្សកំពុងកាន់អំណាច គឺបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ត្រូវបានបោះឆ្នោតឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រីទី១០៥ របស់ប្រទេសជប៉ុន នៅថ្ងៃពុធ (ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ដោយសមាជិកសភានៅក្នុងរដ្ឋសភា។
នៅក្នុងសម័យប្រជុំវិសាមញ្ញមួយដែលត្រូវបានកោះប្រជុំនៅថ្ងៃនេះរបស់សភា Diet ទាំងសភាជាន់ទាប និងសភាជាន់ខ្ពស់ បានធ្វើការបោះឆ្នោតតែងតាំងនាយករដ្ឋមន្ត្រី រៀងៗខ្លួន។
នៅក្នុងការបោះឆ្នោតសភាតំណាងរាស្ត្រ លោកស្រី Takaichi ទទួលបានការគាំទ្រចំនួន ៣៥៤សំឡេង នៅជុំទី១ ដោយយកឈ្នះលើប្រធានគណបក្សប្រឆាំង គឺសម្ព័ន្ធភាពកំណែទម្រង់កណ្តាល (CRA) លោក Junya Ogawa ដែលមាន ៥០សំឡេង និងបេក្ខជនគូប្រជែងផ្សេងទៀត។

សភាជាន់ខ្ពស់បានឆ្ពោះទៅរកការបោះឆ្នោតជុំទី២ បន្ទាប់ពីគ្មានបេក្ខជនណាទទួលបានសំឡេងភាគច្រើននៅក្នុងជុំទី១។ បន្ទាប់មក លោកស្រី Takaichi បាននាំមុខដោយសំឡេងគាំទ្រចំនួន ១២៥សំឡេង តាមមកដោយលោក Ogawa ដែលមាន ៦៥សំឡេង។
ជាមួយគ្នានេះ សភាជាន់ទាបដ៏មានឥទ្ធិពលមួយនេះ ក៏បានជ្រើសរើសលោក Eisuke Mori ដែលជាអ្នកសមាជិកសភាចាស់វស្សារបស់គណបកស្ LDP និងជាអតីតរដ្ឋមន្ត្រីយុត្តិធម៌ ឲ្យកាន់តួនាទីជាប្រធានសភា ហើយលោក Keiichi Ishii ដែលជាសមាជិករបស់គណបក្ស CRA ជាអនុប្រធានសភា។
លោកស្រី Takaichi និងគណៈរដ្ឋមន្ត្រីរបស់លោកស្រី បានលាលែងពីតំណែងជាក្រុមៗតែម្ដង នៅព្រឹកព្រលឹមថ្ងៃនេះ តាមការតម្រូវរបស់រដ្ឋធម្មនុញ្ញ មុនពេលបង្ហាញគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី នាល្ងាចថ្ងៃនេះ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ដោយគណៈរដ្ឋមន្ត្រីរបស់លោកស្រី Takaichi ត្រូវបានតែងតាំងកាលពីប៉ុន្មានខែមុន បន្ទាប់ពីលោកស្រីបានក្លាយជាមេដឹកនាំគណបក្ស LDP និងក្រោយមកក្លាយជានាយករដ្ឋមន្ត្រីនៅក្នុងខែតុលាឆ្នាំមុន ការផ្លាស់ប្តូរសមាសភាព ទំនងជាមិនកើតមាននោះឡើយ៕
