ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ (ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) បានលើកឡើងថា បារាំង និងឥណ្ឌា មិនចង់ «ចុះញ៉មជាមួយអនុត្តរភាពណាមួយឡើយ» ហើយបានសង្កត់ធ្ងន់ ជុំវិញការប្តេជ្ញាចិត្តរបស់ប្រទេសទាំង២ ចំពោះនីតិរដ្ឋ និងបទដ្ឋានអន្តរជាតិ។

នៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោកទៅកាន់ប្រទេសឥណ្ឌា លោក Macron បាននិយាយថា៖ «យើងជឿជាក់លើវិធីសាស្ត្រ ៣ផ្លូវ នោះគឺឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរី និងបើកចំហរ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យបច្ចេកវិទ្យាការពារជាតិ និងពាណិជ្ជកម្ម ហើយនិងក្នុងការប្តេជ្ញាចិត្តមិនចុះញ៉មជាមួយអនុត្តរភាពណាមួយឡើយ»។
គួរបញ្ជាក់ថា លោក Modi បានធ្វើជាម្ចាស់ផ្ទះទទួលលោក Macron នៅទីក្រុង Mumbai ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ឥណ្ឌា ជាកន្លែងដែលភាគីទាំង២ បានបើកកិច្ចពិភាក្សាកម្រិតគណៈប្រតិភូ។់
លោក Macron បានកត់សម្គាល់ថា ពួកគេ «ជឿជាក់» លើនីតិរដ្ឋ ភាពអាចទស្សន៍ទាយបាន និង «ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព»។ ហើយជាមួយគ្នានេះ លោកបានបញ្ជាក់ជាថ្មីថា ទំនាក់ទំនងបារាំង-ឥណ្ឌា «កំពុងស្ថិតក្នុងដំណាក់កាលនៃការពន្លឿនដ៏គួរឲ្យកត់សម្គាល់» ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ៕
