សំណុំផ្សែងដ៏ធំ បានគ្របដណ្តប់តំបន់ជាច្រើនកន្លែងនៅភាគនិរតីសហរដ្ឋអាមេរិក ស្របពេលដែលភ្លើងឆេះព្រៃ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស បានវាយប្រហារដ្ឋជាច្រើន ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា ភ្លើងឆេះព្រៃ បានរីករាលដាលយ៉ាងឆាប់រហ័សពីផ្ទៃដីព្រៃ ៦ពាន់ហិចតា រហូតដល់ ៥៨.៦០០ហិចតា ក្នុងរយៈពេលប្រហែល ៨ម៉ោង ក្នុងនោះខ្យល់បក់ខ្លាំង បណ្តាលឲ្យភ្លើងឆេះព្រៃរីករាលដាលកាន់តែធំ ។

រូបភាពវីដេអូឃ្លីបពីទីភ្នាក់ងារព័ត៌មានក្នុងស្រុក KOCO ឃើញសំណុំផ្សែងយ៉ាងក្រាស់នៅជិតទីក្រុង Woodward ស្ថិតក្នុងរដ្ឋ Oklahoma ។
អភិបាលក្រុង Woodward លោក Kevin Stitt និយាយថា លោកបានបញ្ជាឲ្យធនធានរដ្ឋគាំទ្រដល់កិច្ចខិតខំឆ្លើយតប និងងើបឡើងវិញ ស្របពេលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមការពារផ្ទះសម្បែងប្រជាពលរដ្ឋ និងទប់ស្កាត់មុខកាត់ភ្លើងឆេះព្រៃជាច្រើនកន្លែង ។
ភ្លើងឆេះព្រៃនេះ ដែលគេស្គាល់ថាជាភ្លើងឆេះព្រៃ Ranger Road បានឆាប់ឆេះផងដែរនៅរដ្ឋ Texas, Kansas, Colorado និងរដ្ឋ New Mexico បង្ខំឲ្យមានការប្រកាសអាសន្នជម្លៀសខ្លួនមនុស្ស នៅតាមសហគមន៍ជនបទជាច្រើន ហើយនិងពង្រីកធនធានពន្លត់អគ្គិភ័យ នៅទូទាំងតំបន់ ៕
