មន្រ្តីជាន់ខ្ពស់មួយរូបរបស់វិមានក្រឹមឡាំង បានធ្វើការព្រមានថា កងទ័ពជើងទឹករុស្ស៊ីអាចនឹងដាក់ពង្រាយ ដើម្បីបញ្ឈប់មហាអំណាចលោកខាងលិចពីការរឹបអូសនាវារុស្ស៊ីដែលជាផ្នែកមួយនៃទណ្ឌកម្មប្រឆាំងនឹងការដឹកជញ្ជូនប្រេងរបស់ពួកគេ និងជាកងនាវាស្រមោលរបស់ទីក្រុងមូស្គូ ។
លោក Nikolai Patrushev ដែលជាជំនួយការវិមានក្រឹមឡាំងទទួលបន្ទុកការដឹកជញ្ជូន និងជាសម្ព័ន្ធមិត្តជិតស្និតរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវបានគេស្រង់សម្តីនិយាយថា រុស្ស៊ីត្រូវការបញ្ជូនសារខ្លាំង ជាពិសេសចំពោះចក្រភពអង់គ្លេស បារាំង និងរដ្ឋបាលទិក ។

លោក Patrushev និយាយនៅក្នុងសេចក្តីអត្ថាធិប្បាយធ្វើឡើងនៅក្នុងកាសែត Argumenty i Fakty របស់ទីក្រុងមូស្គូថា ពួកយើងមានជំនឿថា អ្នកធានាល្អបំផុតសម្រាប់ការធ្វើនាវាចរណ៍ គឺកងទ័ពជើងទឹក ។
លោកព្រមានថា បើសិនជាពួកយើងមិនទប់ទល់ឲ្យបានម៉ឺងម៉ាត់ទេនោះ អង់គ្លេស បារាំង និងប្រទេសបាល់ទិក មិនយូរប៉ុន្មាននឹងហ៊ានរារាំងការចូលដល់សមុទ្រសម្រាប់ប្រទេសរបស់ពួកយើង យ៉ាងហោចនៅបាសាំងអាត្លង់ទិក ។
លោក Patrushev និយាយថា រុស្ស៊ីត្រូវតែអាចដឹកជញ្ជូនប្រេង គ្រាប់ធុញ្ញជាតិ និងជីគីមី ដើម្បីរក្សាប្រតិបត្តិការសេដ្ឋកិច្ចរបស់ខ្លួន ។ លោកបានចោទប្រកាន់គូប្រជែងលោកខាងលិចរបស់ទីក្រុងមូស្គូ ថាមានគោលដៅលើវិស័យសំខាន់បំផុតនៃសេដ្ឋកិច្ចរបស់ខ្លួន គឺការដឹកជញ្ជូន ៕
