ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានជួបជុំគ្នាស្រស់ស្រូបអាហារមុនពេលថ្ងៃរះ នៅថ្ងៃដំបូងនៃខែតមអាហារ ស្របពេលដែលខែបុណ្យរ៉ាម៉ាដាន ចាប់ផ្តើមនៅតាមបណ្តារដ្ឋអារ៉ាប់ និងប្រទេសអ៊ិស្លាម ខណៈដែលរដ្ឋមួយចំនួន នឹងចាប់ផ្តើមយឺតយ៉ាវរយៈពេល ១ថ្ងៃ ។
ទោះបីជាយ៉ាងណាក៏ដោយ មនុស្សនៅក្នុងតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមខែមូស្លីមដ៏ពិសិដ្ឋរបស់ពួកគេនៅថ្ងៃពុធនេះ ពិបាកទទួលបានអាហារ និងទឹកស្អាត ស្របពេលសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតែបន្ត បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ។

គ្រួសារដែលធ្លាប់មានអាហារពេញលើតុ អំឡុងពិធីបុណ្យរ៉ាម៉ាដានមុនពេលសង្រ្គាមកាលពីរយៈពេលជាង ២ឆ្នាំមុន បច្ចុប្បន្នរៀបចំថ្ងៃតមអាហាររបស់ពួកគេ ជុំវិញកាលវិភាគចែកចាយជំនួយប៉ុណ្ណោះ ។
ភាគច្រើននៃពួកគេពឹងផ្អែកលើផ្ទះបាយស៊ុប ពេលដែលអ៊ីស្រាអែល បដិសេធន៍មិនអនុញ្ញាតឲ្យជំនួយចូលបន្ថែមទៀតដល់តំបន់ហ្កាហ្សា ។
ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានចូលជាធរមានកាលពីខែតុលា ឆ្នាំមុន រថយន្តយ៉ាងហោច ៦០០គ្រឿង ត្រូវចូលទៅក្នុងតំបន់ហ្កាហ្សាស្រ្ទីបជារៀងរាល់ថ្ងៃ ។ ទោះបីជាយ៉ាងណាក៏ដោយ រថយន្តចូលតំបន់ហ្កាហ្សាមានចំនួនតិចជាងឆ្ងាយ ។
លើសពីនេះទៅទៀត ការបំពានបទឈប់បាញ់រាល់ថ្ងៃរបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ៦០០នាក់ ចាប់តាំងពីវាចូលជាធរមាន ៕
