នៅថ្ងៃពុធ (ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ប្រទេសអ៊ុយក្រែនបានដាក់ទណ្ឌកម្មលើមេដឹកនាំយូរអង្វែងរបស់បេឡារុស គឺលោក Alexander Lukashenko ដោយសារការជួយផ្តល់ជំនួយសម្ភារៈដល់រុស្ស៊ី អំឡុងការឈ្លានពានរបស់ប្រទេសនេះ ដែលនាំឲ្យមានការ «សម្លាប់ពលរដ្ឋអ៊ុយក្រែន»។
លោក Lukashenko គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតម្នាក់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយបានអនុញ្ញាតឲ្យប្រទេសរបស់លោកត្រូវបានប្រើប្រាស់ជាចំណុចចាប់ផ្តើម សម្រាប់ការវាយប្រហាររបស់ទីក្រុងមូស្គូ នៅខែកុម្ភៈ ឆ្នាំ២០២២។

អ៊ុយក្រែនចោទប្រកាន់ថា រុស្ស៊ីក៏បានដាក់ពង្រាយផងដែរនូវគ្រឿងយុទ្ធោបករណ៍ផ្សេងៗនៅប្រទេសនេះ ក្នុងនោះរួមទាំងស្ថានីយ៍បញ្ជូនតដែលភ្ជាប់ទៅនឹងយានដ្រូនវាយប្រហាររបស់រុស្ស៊ី ដោយបានបាញ់បង្ហោះរាប់រយគ្រឿងជារៀងរាល់យប់ទៅលើទីក្រុងនានារបស់អ៊ុយក្រែន
លោកប្រធានាធិបតី Volodymyr Zelenskyy បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ថ្ងៃនេះអ៊ុយក្រែនបានអនុវត្តកញ្ចប់ទណ្ឌកម្មប្រឆាំងនឹងលោក Alexander Lukashenko ហើយយើងនឹងបង្កើនវិធានការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះជំនួយគ្រប់ទម្រង់របស់លោក ក្នុងការសម្លាប់ពលរដ្ឋអ៊ុយក្រែន»។
លោក Zelenskyy ក៏បានចោទប្រកាន់លោក Lukashenko ផងដែរថា បានជួយទីក្រុងមូស្គូឲ្យគេចផុតពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ វិធានការទាំងនេះទំនងជាមានប្រសិទ្ធភាពជាក់ស្តែងតិចតួច ប៉ុន្តែការដាក់ទណ្ឌកម្មលើប្រមុខរដ្ឋ គឺជាចំណាត់ការនិមិត្តរូបកម្រិតខ្ពស់។ អ៊ុយក្រែន និងរដ្ឋលោកខាងលិចជាច្រើន បានដាក់ទណ្ឌកម្មលើលោក Putin នៅដើមដំបូងនៃសង្គ្រាមនៅអ៊ុយក្រែន៕
