បំណាក់ព្រិលទឹកកកបានវាយប្រហាររមណីយដ្ឋានស្ថិតក្នុងទីក្រុង Zermatt តំបន់ Valais របស់ប្រទេសស្វីសកាលពីថ្ងៃអង្គារ ខណៈក្រុមអាជ្ញាធរក្នុងស្រុក បានចេញសេចក្តីប្រកាសអាសន្ន ដោយសារគ្រោះថ្នាក់បំណាក់ព្រិលមានកម្រិតខ្ពស់ ។

អគារ ប្លង់ផ្លូវ និងភ្នំ ត្រូវបានគេមើលឃើញនៅក្នុងវីដេអូដែលបានផ្គូរផ្គងរូបភាពនៅតំបន់នោះ ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ការព្រមានបំណាក់ព្រិលខ្ពស់បំផុតកម្រិតទី ៥ ត្រូវបានចេញកាលពីថ្ងៃអង្គារ ប៉ុន្តែកម្រិតនេះ បានបន្ទាបមកនៅកម្រិតទី ៤វិញ នាថ្ងៃពុធនេះ ។
ខណៈពេលនោះដែរ ភ្ញៀវទេសចរ ត្រូវបានបញ្ជាឲ្យចាកចេញពីតំបន់ភ្នំអាល់ទាំងនៅប្រទេសស្វីស និងប្រទេសអ៊ីតាលី ក្រោយធ្លាក់ព្រិលខ្លាំងបំផុត ហើយហានិភ័យកើនឡើងនៃបំណាក់ព្រិលទឹកកក បង្ខំឲ្យក្រុមអាជ្ញាធរជម្លៀសមនុស្សចេញពីភូមិ និងបិទតំបន់ទាំងមូល ។
ត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ស្ថានភាពនៅក្នុងតំបន់ភាគខាងជើងអ៊ីតាលី និងស្វីស កាន់តែធ្ងន់ធ្ងរទៅ ធ្វើឲ្យមានការណែនាំវិធានការគ្រាអាសន្ន ។ វិធានការទាំងនេះ រួមមានទាំងការបិទផ្លូវ ការជម្លៀសខ្លួនមនុស្ស ស្របពេលដែលព្រិលកម្រាស់ច្រើនម៉ែត្រ បានគ្របដណ្តប់លើតំបន់សហគមន៍ភ្នំអាល់ ៕
