ក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃពុធ (ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជំនួសលោកប្រធានាធិបតី Tayyip Erdogan ដើម្បីចូលរួមកិច្ចប្រជុំផ្លូវការដំបូងរបស់ «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace) របស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍។

ប្រភពការទូតទួរគី បានប្រាប់សារព័ត៌មាន Reuters ថា លោក Fidan ក្នុងអំឡុងពេលកិច្ចពិភាក្សានោះ នឹងអំពាវនាវឲ្យមានជំហានដ៏ម៉ឺងម៉ាត់ ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីន និងសង្កត់ធ្ងន់ថា អ៊ីស្រាអែលត្រូវតែបញ្ចប់វិធានការរារាំងលំហូរជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា និងបញ្ឈប់ការរំលោភបទឈប់បាញ់របស់ខ្លួន។
ជាមួយគ្នានេះ ប្រភពនេះបានបន្តទៀតថា លោក Fidan ក៏នឹងបញ្ជាក់ជាថ្មីផងដែរ អំពីការត្រៀមខ្លួនរបស់ទួរគី ក្នុងការចូលរួមចំណែកដល់ការកសាងឡើងវិញរបស់តំបន់ហ្កាហ្សា និងបំណងប្រាថ្នារបស់ខ្លួន ក្នុងការជួយការពារ និងធានាសន្តិសុខដល់ប្រជាជនប៉ាឡេស្ទីន។ ប្រភពបានបន្ថែមថា លោកក៏នឹងអំពាវនាវឲ្យមានវិធានការបន្ទាន់ប្រឆាំងនឹង «សកម្មភាពតាំងទីលំនៅខុសច្បាប់ និងអំពើហិង្សារបស់អ្នកតាំងទីលំនៅ នៅតំបន់ West Bank» ដោយអ៊ីស្រាអែលផងដែរ។
យោងតាមការសេចក្ដីប្រកាសពីការិយាល័យរបស់លោក Erdogan លោកប្រធានាធិបតីបានប្រាប់អ្នកសារព័ត៌មានដាច់ដោយឡែកពីគ្នានៅថ្ងៃពុធនេះថា លោកសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាពនេះ នឹងជួយសម្រេចបាននូវ «ស្ថិរភាពយូរអង្វែង បទឈប់បាញ់ និងសន្តិភាពដែលតំបន់ហ្កាហ្សាបានប្រាថ្នាចង់បាន» ហើយនឹងផ្តោតលើការនាំឲ្យមានដំណោះស្រាយរដ្ឋ២៕
